ដោយសារភាពឆ្លាតវៃអ្នកនេសាទម្នាក់ទទួលប្រាក់រង្វាន់យ៉ាងច្រើន ក្រោយថ្វាយត្រីដ៏ធំជូនសេ្តច ខណៈដែលអ្នកនេសាទផ្សេងទៀតមានត្រីធំដែរតែមិនទទួលបានអ្វីសោះ
គំនិតអប់រំ September 6, 2019 Chan Sreyny

រឿងនិទានខ្លី៖ កាលពីដើមឡើយអ្នកនេសាទម្នាក់ចាប់បានត្រីដ៏ធំមួយ ដោយគាត់ដឹងថាស្ដេចប្រាកដជាចូលចិត្តត្រីមួយនេះ គាត់ក៏បានយកវាធ្វើជាអំណោយដល់ស្ដេច។ នៅពេលអ្នកនេសាទបង្ហាញត្រីនោះស្ដេចរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ទ្រង់ក៏បានបញ្ជាឲ្យផ្ដល់ប្រាក់មួយចំនួនធំដល់អ្នកនេសាទ។ បន្ទាប់មកអ្នកនេសាទបានចាកចេញពីរាជវាំង ម្ចាស់ក្សត្រីបានដឹងពីរឿងដែលបានកើតឡើង ហើយខឹងយ៉ាងខ្លាំងក៏បានទៅគាល់ស្ដេចហើយនិយាយថា៖ ” តើអ្នកអាចផ្ដល់ប្រាក់ច្រើនយ៉ាងនេះ ដោយគ្រាន់តែត្រីធំមួយបែបនេះ បានយ៉ាងដូចម្ដេច? ”

មិនយូរប៉ុន្មានដំណឹងដែលអ្នកនេសាទទួលបានរង្វាន់ច្រើន ដោយសារជូនត្រីធំទៅស្ដេចបានល្បីសុះសាយពេញទីក្រុង ធ្វើឲ្យអ្នកនេសាទផ្សេងៗទៀតជាច្រើនដែលចាប់ត្រីបានធំៗ ហើយយកទៅជូនស្ដេចតែមិនទទួលបានប្រាក់រង្វាន់ រហូតដល់កើតក្ដីមិនសុខចិត្ត និងនិយាយអាក្រក់ពីស្ដេចក្នុងចំណោមពួកអ្នកនេសាទដែលជាមិត្តភក្កិរបស់ខ្លួន។ ស្ដេចបានដឹងពីរឿងនេះប៉ុន្តែទ្រង់បានបដិសេដមិនយករង្វាន់នោះពីអ្នកនេសាទវិញឡើយ។

បន្ទាប់មកម្ចាស់ក្សត្រីបានចូលគាល់ស្ដេច ហើយប្រាប់ទ្រង់ថា​ខ្លួនមានផែនការមួយដោយ ស្ដេចត្រូវហៅអ្នកនេសាទត្រឡប់មកវិញហើយសួរគេថាតើត្រីនោះជាស្រី ឬ ក៏ប្រុស? ប្រសិនបើអ្នកនេសាទឆ្លើយថាស្រី ស្ដេចត្រូវនិយាយថាទ្រង់ចង់បានប្រុស ហើយប្រសិនបើគេឆ្លើយថាប្រុស ទ្រង់ត្រូវឆ្លើយថាចង់បានស្រី។ ស្ដេចបានយល់ពីផែនការនេះ ក៏កោះហៅអ្នកនេសាទមកកាន់សាលកាត់ក្ដី ហើយបានសួរសំនួរដូចគ្នាទៅនឹងផែនការ តែអ្នកនេសាទបានឆ្លើយថា៖ ” វាមិនមែនជាប្រុស ឬ ស្រីទេ “។

ស្ដេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចម្លើយដ៏ឆ្លាតវៃរបស់អ្នកនេសាទ​ ហើយក៏ផ្ដល់រង្វាន់ជាថ្មីម្ដងទៀតនូវប្រាក់មួយចំនួនដល់គាត់ ខណៈនោះម្ចាស់ក្សត្រីមានអារម្មណ៍ខឹងយ៉ាងខ្លាំងតែមិនអាចនិយាយអ្វីបានឡើយ។ បន្ទាប់ពីទទួលបានប្រាក់អ្នកនេសាទបានអរគុណស្ដេច ហើយនៅពេលដែលកំពុងដើរចេញពីសាលកាត់ក្ដី គាត់បានជ្រុះកាក់មួយពីកាបូបប្រាក់រង្វាន់នោះ ភ្លាមៗអ្នកនេសាទអោនរើសកាក់ ហើយជូតវាយ៉ាងស្អាតរួចទុកក្នុងកាបូបវីញ។

ឃើញដូច្នេះម្ចាស់ក្សត្រីក៏បាននិយាយថា៖ ” អ្នកទទួលបានប្រាក់ច្រើនហើយ ហេតុអីអ្នកលោភលន់សូម្បីតែកាក់មួយជ្រុះក៏អ្នករើសមកវិញដែរ? “។ លឺដូច្នេះអ្នកនេសាទបានឆ្លើយតបថា៖ ” វាមិនមែនត្រឹមតែជា​កាក់មួយទេ! ខ្ញុំរើសវាដោយសារមានព្រះភ័ក្រស្ដេចនៅលើកាក់ ហើយខ្ញុំមិនចង់ឲ្យមុខស្ដេចរបស់ខ្ញុំប្រលាក់នោះទេ ” ។ ស្ដេចពេញចិត្តនឹងចម្លើយរបស់គាត់យ៉ាងខ្លាំង​ ហើយបានឲ្យរង្វាន់ដល់អ្នកនេសាទជាមួយប្រាក់មួយកាបូបថែមទៀត។

តម្លៃអប់រំ៖ ការនិយាយគឺ ជាសិល្បៈ ប្រសិនបើមនុស្សម្នាក់ដឹងពីអ្វីដែលចង់និយាយ ហើយគួរនិយាយពេលណា​ និងរបៀបនៃការនិយាយបែបណាទៅកាន់នរណាម្នាក់ មនុស្សបែបនោះនឹងទទួលបានជោគជ័យនៅក្នុងជីវិតជានិច្ច។ ភាពស្រស់ស្អាតរបស់មនុស្ស គឺស្ថិតនៅក្នុងភាពច្បាស់លាស់នៃអណ្ដាតរបស់ពួកគេ៕

អត្ថបទ៖ លីនី