អស់ចម្ងល់! ថាហេតុអ្វីបានជាសហស្ថាបនិក Microsoft លោក Bill Gates និងលោក Warren Buffett ជាមិត្តភក្កិល្អនឹងគ្នា
បុគ្គលជោគជ័យ September 6, 2019 Chan Sreyny

លោក Warren Buffett គឺជាមនុស្សម្នាក់ក្នុងចំណោម​អ្នកមានបំផុតនៅលើពិភពលោក ប៉ុន្តែបើនិយាយពីទ្រព្យសម្បត្តិដែលគាត់មានមិនមែនជាកត្តានៅពេលនិយាយពីគុណភាពនៃជីវិតរបស់គាត់ទេ។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៧ នៅពេលដែលលោក Warren Buffett និងសហស្ថាបនិក Microsoft លោក Bill Gates ចូលរួមវេទិកាសុន្ទរកថា​នៅសាកលវិទ្យាល័យកូឡុំបៀមាននិស្សិតម្នាក់បានសួរថា៖ ” តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន តើអ្នកទាំងពីរមានមេរៀនជីវិតសំខាន់ៗដែលបានរៀនពីទំនាក់ទំនងដែរ ឬ ទេ? “។

ដោយយោងតាមការសាកសួរចុងក្រោយទៅលើលោក Buffett ដែលទើបតែចូលដល់វ័យ ៨៩ ឆ្នាំកាលពីថ្ងៃសៅរ៍ទី ៣០ ខែសីហាឆ្នាំ ២០១៩ ថ្មីនេះ បានផ្តល់ដំបូន្មានស្រដៀងគ្នាកាលពីពេលមុន។ ដោយលោកបានឆ្លើយដដែលថា៖ ” នៅពេលដែលអ្នកឈានចូលដល់វ័យដូចខ្ញុំ អ្នកនឹងវាស់វែងពីភាពជោគជ័យរបស់អ្នកនៅក្នុងជីវិត ដោយចំនួនមនុស្សដែលអ្នកស្រលាញ់ និងមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ “។

លោកបានបន្តថា៖ ” ខ្ញុំស្គាល់អ្នកមានទ្រព្យសម្បត្តិជាច្រើន ហើយពួកគេតែងទទួលបានការអញ្ជើញទទួលទានអាហារពេលល្ងាច​ និងការថែទាំពិសេសពីមន្ទីរពេទ្យតាមឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ប៉ុន្តែការពិតគឺគ្មាននរណាម្នាក់ស្រលាញ់ពួកគេនោះទេ។ ដូច្នេះប្រសិនបើអ្នកឈានដល់វ័យដូចខ្ញុំ ហើយមិនមានអ្នកណាម្នាក់គិតពីអ្នក ខ្ញុំមិនខ្វល់ថាអ្នកមានទ្រព្យសម្បត្តិច្រើន ឬ គណនីធនាគាររបស់អ្នកធំប៉ុនណានោះទេ ជីវិតរបស់អ្នកនឹងជួបវិបត្តិ ហើយនោះគឺជាការសាកល្បងចុងក្រោយនៃរបៀបដែលអ្នកបានរស់នៅក្នុងជីវិតរបស់ខ្លួនឯង “។

យ៉ាងណាមិញចំពោះការលើកឡើងដូចនេះសហស្ថាបនិក Microsoft លោក Bill Gates ក៏បានយល់ស្របទៅនឹងគំនិតរបស់លោក Buffett ដែរដោយលោកបានលើកឡើងថា៖ ” មិត្តភក្កិខ្លះធ្វើល្អជាមួយយើង រាប់អានយើងដោយក្ដីស្រលាញ់ ចេះយល់សុខទុក្ខ ដូច្នេះវាជាការប្រសើរដែលយើងចំណាយពេលជាមួយមិត្តភក្កិទាំងនោះ “។ សរុបមកតាមពាក្យសំដីប្រកបដោយប្រាជ្ញារបស់ Buffett ជាច្រើនស្តាប់ទៅដូចជាការទូន្មានប្រដៅដែលយើងបានទទួលពីឪពុកម្តាយរបស់យើងនៅពេលយើងនៅក្មេងអំពីការរាប់អានមនុស្សខុស។ ដោយបទពិសោធន៍ផ្ទាល់របស់ Buffett ជាមួយមិត្តភាព និងសេចក្តីស្រឡាញ់ គឺជាភស្តុតាងដែលបង្ហាញថាមនុស្សដែលយើងទុកក្នុងជីវិតរបស់យើង – មនុស្សដែលស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះយើង គឺជាមនុស្សដែលជំរុញឲ្យយើងរស់នៅដោយជោគជ័យរីករាយ និងមានអត្ថន័យ៕

អត្ថបទ៖ លីនី