ត្រឹមរយៈពេល ៨ ខែក្នុងឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត ១៣៣,០០០ តោនទៅប្រទេសចិនកើនឡើង ៥៤%
សេដ្ឋកិច្ច September 6, 2019 Chan Sreyny

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថានៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ នេះប្រទេសកម្ពុជាបាន​នាំចេញអង្ករជិត ១៣៣.០០០ តោនទៅកាន់ប្រទេសចិនដែលកើនឡើង ៥៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរប្រទេសចិននៅតែជាអ្នកទិញកម្ពុជាច្រើនជាងគេបំផុតនៅក្នុងរយៈពេលពីខែមករា ដល់ខែសីហាដែលស្មើនឹង ៣៩% នៃការនាំចេញសរុបរបស់កម្ពុជា នេះបើយោងតាមលេខាធិការដ្ឋានសេវាកម្មច្រកចេញចូលតែមួយសម្រាប់បែបបទនាំចេញអង្កររបស់ប្រទេសចិន។

ខណៈដែលការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងចំនួនត្រឹមតែ ១២ ម៉ឺនតោនប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ៤៧% ដោយចំណែកទីផ្សាររបស់សហភាពអឺរ៉ុបសម្រាប់អង្ករកម្ពុជាបានធ្លាក់ចុះពី ៥២% មកនៅត្រឹម ៣៥% ។ ជាមួយគ្នានេះដែរមូលហេតុដែលបណ្ដាលឲ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបថយចុះ គឺបន្ទាប់ពីសហភាពអឺរ៉ុបបានដាក់កាតព្វកិច្ចកាលពីដើមឆ្នាំនេះរយៈពេល ៣ ឆ្នាំលើការនាំចូលអង្ករពីកម្ពុជាក្នុងគោលបំណងដើម្បីទប់ស្កាត់ការកើនឡើងនៃការនាំចូលអង្ករពីបរទេស និងដើម្បីការពារផលិតផល និងកសិករនៅអឺរ៉ុប។ គួរបញ្ចាក់ផងដែរថាក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩​ នេះ កម្ពុជាបាននាំចេញអង្ករជាង ៣៤២,០០០ តោនទៅ ៥១ ប្រទេស និងតំបន់ ដោយកើនឡើង ០.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

អត្ថបទ៖ លីនី