ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនជប៉ុន
សេដ្ឋកិច្ច September 6, 2019 Chan Sreyny

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចល្អសម្រាប់ទាក់ទាញក្រុមហ៊ុនឯកជនពីប្រទេសជប៉ុនមកកម្ពុជា។ ជាមួយគ្នានេះផងដែរតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា អនុស្សរណៈនេះនឹងជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជំរុញពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងគោលបំណងបង្កើតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងក្រសួងពាណិជ្ជកម្ម និង JETRO។

ដោយកន្លងមកការអនុវត្តការងាររបស់ JETRO នៅកម្ពុជារួមមាន ការផ្គូផ្គងធុរកិច្ច ការសិក្សាវិភាគ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការសម្របសម្រួលបញ្ហាជូនក្រុមហ៊ុនជប៉ុន ការបណ្ដុះបណ្ដាលមន្ត្រី និងវិស័យឯកជន និងការជួយដល់ក្រុមហ៊ុនកម្ពុជាចូលរួមក្នុងពិព័រណ៍ជប៉ុន។ មិនតែប៉ុណ្ណោះការខិតខំប្រឹងប្រែងប្រមូលព័ត៌មានពិតពីទីផ្សារកម្ពុជារបស់ JETRO បានផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុន Aeon មកវិនិយោគផ្សារទំនើបនៅកម្ពុជាជាបន្តបន្ទាប់ ហើយការបង្កើតផ្សារទំនើប Aeon នេះដែរ បានយកមកជាមួយនូវស្ដង់ដារល្អៗ ដូចជាស្ដង់ដារអនាម័យជាដើម មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ដែលជាតម្លៃបន្ថែមមួយនៃការវិនិយោគនេះផងដែរ។ ក្រៅពីនេះទៅទៀត JETRO ក៏មានការងារថ្មីមួយទៀតដែលនឹងអនុវត្ត គឺការជំរុញនវានុវត្តន៍ និងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលថ្មីៗ (Innovation and Digital Technology Startup) ជាមួយនឹងការផ្គូផ្គងធុរកិច្ចក្នុងវិស័យនវានុវត្តន៍។

សូមបញ្ជាក់ផងដែរថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះនាពេលនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈដែលក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO បានចុះកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩។ ដោយកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ បានរួមចំណែកដល់កំណើននៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន បើទោះបីជាក្នុងឆ្នាំ២០០៩ នេះមានចំនួនតិចតួច តែកាលពីឆ្នាំ២០១៨ បានកើនឡើងដល់ចំនួនប្រមាណ ១,៦ ប៊ីលានដុល្លារសហរដ្ឋអាមេរិក៕