ប្រទេសឥណ្ឌូនេស៊ីនឹងបំផ្លាញស៊ុតរាប់លានគ្រាប់ ដើម្បីបង្កើនតម្លៃសាច់មាន់នៅលើទីផ្សារបន្ទាប់ពីតម្លៃធ្លាក់ចុះដល់ ២៥% ក្នុងឆ្នាំនេះ
សេដ្ឋកិច្ច September 6, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងអនុវត្តផែនការបំផ្លាញស៊ុតរាប់លានគ្រាប់ ក្នុងគោលបំណងជំរុញការធ្លាក់ចុះនៃតម្លៃមាន់ឲ្យប្រសើរឡើងវិញ ដោយអំពាវនាវដល់អ្នកចិញ្ចឹម និងបង្កាត់ពូជបក្សីកាត់បន្ថយការផ្គត់ផ្គង់នៅលើទីផ្សារដោយបំផ្លាញ ឬ បោះស៊ុតទាំងនោះចោល។ ជាក់ស្ដែងស៊ុតចំនួន ១០ លានគ្រាប់និងត្រូវបំផ្លាញចោល ព្រោះជាវីធីសាស្រ្តតែមួយគត់ ដើម្បីលើកកម្ពស់តម្លៃសាច់មាន់ នេះបើយោងតាមសម្ដីរបស់លោក I Ketut Diarmita អគ្គនាយកសេវាបសុសត្វ និងសេវាសុខភាពសត្វនៃប្រទេសឥណ្ឌូនេស៊ីដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

យោងតាមសមាគមបង្កាត់សត្វបក្សីរបស់ឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្រុមហ៊ុនរាប់សិបក្រុមហ៊ុននឹងចូលរួមក្នុងការបំផ្លាញស៊ុតទាំងនេះ ហើយមន្ត្រីប្រចាំប្រទេសនេះសង្ឃឹមថាការកាត់បន្ថយចំនួនស៊ុត នឹងកាត់បន្ថយការផ្គត់ផ្គង់សាច់មាន់ និងបង្កើនតម្លៃទីផ្សារ។ ដោយសាច់មាន់ដែលមានតម្លៃថោកអាចនឹងល្អសម្រាប់អតិថិជន ប៉ុន្តែវាបានធ្វើឲ្យខូចខាតដល់ឧស្សាហកម្មបសុបក្សី។ ជាមួយគ្នានេះយោងតាមតួលេខផ្លូវការតម្លៃមាន់នៅឥណ្ឌូនេស៊ីបានធ្លាក់ចុះ ២៥% ក្នុងឆ្នាំនេះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ៕​

អត្ថបទ៖ លីនី