ថៃ និងកម្ពុជាព្រមព្រៀងពិចារណាបើកកិច្ចពីភាក្សាលើតំបន់ឈូងសមុទ្រ ដោយផលប្រយោជន៍ដែលទទួលបានអាចនឹង ៥០% ស្មើគ្នានៃទិន្នផលថាមពលសរុប
សេដ្ឋកិច្ច September 6, 2019 Chan Sreyny

ប្រទេសថៃ និងប្រទេសកម្ពុជាបានព្រមព្រៀងពិចារណាបើកកិច្ចពីភាក្សាឡើងវិញស្ដីពីការអភិវឌ្ឍតំបន់ដែលទាមទារឲ្យមានថាមពលត្រួតស៊ីគ្នា (OCA) នៅក្នុងឈូងសមុទ្រថៃដែលទាមទារដោយប្រទេសទាំងពីរ។ ដំណោះស្រាយត្រូវបង្ហាញបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងថាមពល Sontirat Sontijirawong បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជានៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានលើកទី ៣៧ នៅទីក្រុងបាងកក ដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទហើយគ្រោងនឹងបញ្ចប់នៅថ្ងៃនេះ។

នៅក្នុងកិច្ចពិភាក្សានេះតំណាងមកពីប្រទេសទាំងពីរបានឯកភាពគ្នាលើការអភិវឌ្ឍនៅ (OCA) តាមរបៀបមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ និងប្រទេសកម្ពុជាហើយកិច្ចពិភាក្សានឹងអាចត្រូវបានធ្វើឡើងក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើបាន។ ដោយប្រទេសថៃកំពុងស្វែងរកវិធីល្អបំផុត ដើម្បីបន្តការពិភាក្សាលើបញ្ហានេះ បន្ទាប់ពីការពន្យាពេលអស់ជាច្រើនទសវត្សមក។ យ៉ាងណាមិញចំពោះពេលវេលាជាក់លាក់ ភាគីថៃមិនទាន់ផ្ដល់ដំណឹងដល់ប្រទេសកម្ពុជានោះទេ ដោយថៃត្រូវដោះស្រាយ និងលុបបំបាត់ការរាំងស្ទះរបស់ខ្លួនជាមុនសិន ដោយការពិភាក្សាអាចនឹងបន្តឡើងវិញបន្ទាប់ពីពេលនោះ។

ជាមួយគ្នានេះដែរភាគីថៃសង្ឃឹមថាប្រទេសថៃ និងកម្ពុជាអាចធ្វើកិច្ចព្រមព្រៀងដូចគ្នាទៅនឹងតំបន់អភិវឌ្ឍន៍រួមគ្នាម៉ាឡេស៊ី – ថៃ (JDA) ដែលភាគីទាំងសងខាងទទួលបាន ៥០% ស្មើគ្នានៃទិន្នផលថាមពលសរុបរបស់តំបន់នេះ។ បន្ថែមពីនេះទៅទៀតថៃក៏បានស្នើសុំឲ្យកម្ពុជាបង្កើតវិធានការណ៍ដើម្បីទាក់ទាញក្រុមហ៊ុនថាមពលឯកជនថៃ ក៏ដូចជាក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសថៃឲ្យមកវិនិយោគនៅក្នុងវិស័យថាមពលរបស់ប្រទេសកម្ពុជាផងដែរ។ យ៉ាងណាមិញអាជ្ញាធរអគ្គិសនីថៃ នឹងព្យាយាមចុះកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ខណៈដែលកន្លងមកប្រទេសថៃបានផ្តល់ការលក់អគ្គិសនីមួយចំនួនដល់ប្រទេសកម្ពុជា ដែលនៅតែមិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់កម្ពុជា៕

អត្ថបទ៖ លីនី​