ប្រទេសម៉ាឡេស៊ី និងចំណាយប្រាក់ប្រមាណ ៤៧០-៧១០ លានដុល្លារ សម្រាប់ការផ្គត់ផ្គង់អាហារពេលព្រឹកឥតគិតថ្លៃនៅតាមសាលាបឋមសិក្សានៅទូទាំងប្រទេស
សេដ្ឋកិច្ច September 5, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះនាយករដ្ឋមន្រ្តី Mahathir Mohamad បានប្រកាសថាប្រទេសម៉ាឡេស៊ីនឹងអនុវត្តកម្មវិធីផ្ដល់អាហារពេលព្រឹកឥតគិតថ្លៃនៅតាមសាលាបឋមសិក្សានៅទូទាំងប្រទេសចាប់ពីឆ្នាំក្រោយ។ ដោយមូលនិធិសម្រាប់ទ្រទ្រង់កម្មវិធីនេះបានមកពីការរួមចំនែករវាងក្រសួង និងទីភ្នាក់ងារនានាដែលជាជំនួយរបស់រដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធីដែលនឹងផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សា។ ជាមួយគ្នានេះដែររដ្ឋាភិបាលនឹងត្រូវចំណាយចន្លោះពី ២-៣​ ពាន់លានដុល្លាររីងហ្គីត (ប្រហែល ៤៧០-៧១០ លានដុល្លារ) ជារៀងរាល់ឆ្នាំលើកម្មវិធីនេះ ដោយម្ហូបអាហារទាំងនោះនឹងផ្ដល់ជូន​នូវសុខភាពល្អ ដល់សិស្សប្រមាណ ២.៧ លាននាក់នៅក្នុងសាលាបឋមសិក្សា​ចាប់ពីខែមករាឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរចាប់តាំងពីឆ្នាំ ២០១២ មកសិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យក្នុងប្រទេសម៉ាឡេស៊ីទទួលបានសិទ្ធទទួលបានការសិក្សាឥតគិតថ្លៃ ដោយរដ្ឋាភិបាលបានចំណាយរាល់ការចំណាយសម្រាប់ការអប់រំដោយមិនតម្រូវឲ្យឪពុកម្តាយ ឬប្រជាជនបង់ប្រាក់ដើម្បីសិក្សា។ ខណៈដែលរយៈពេលកន្លងមក សិស្សបឋមត្រូវបង់ថ្លៃសិក្សាចំនួន ២៤.៥ លានរីងហ្គីត (៧.៣៥ ដុល្លារ) ខណៈពេលដែលសិស្សវិទ្យាល័យត្រូវបង់លុយ ៣៣.៥ លានរីងហ្គីត (១១.១៦ ដុល្លារ) ជារៀងរាល់ឆ្នាំសម្រាប់ក្រដាសប្រលង ធានារ៉ាប់រង និងសកម្មភាពកីឡា៕

អត្ថបទ៖ លីនី