លោក Shri La Bahadur Shashtri Ji នាយករដ្ឋមន្រ្តីទី២ នៃប្រទេសឥណ្ឌា មិនទទួលយកអំណោយថ្លៃៗនោះទេ តែគាត់សុខចិត្តទិញរបស់មានតម្លៃថោកៗជូនប្រពន្ធរបស់គាត់ជំនួសវិញ
គំនិតអប់រំ September 5, 2019 Chan Sreyny

លោក Shri La Bahadur Shashtri Ji គឺជានាយករដ្ឋមន្រ្តីទី២ នៃប្រទេសឥណ្ឌា និងជាមេដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយសភាជាតិឥណ្ឌា ថ្ងៃមួយគាត់បានធ្វើដំណើរកំសាន្តនៅសិប្បកម្មតំបាញដែលមានម្ចាស់សិប្បកម្មអមដំណើរ។ បន្ទាប់ពីដើរមើលនៅក្នុងសិប្បកម្មរួច គាត់ក៏បានទៅមើលនៅឃ្លាំងផ្ទុកក្រណាត់ (សារី) ពេលទៅដល់ទីនោះ គាត់បានឃើញក្រណាត់សារីស្អាតៗមួយចំនួន គាត់ក៏បានស្នើឲ្យម្ចាស់សិប្បកម្មបង្ហាញសារីមួយចំនួនឲ្យគាត់មើល។ ម្ចាស់សិប្បកម្មរីករាយនឹងសំណើររបស់គាត់ ក៏បានបញ្ជាឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនយកក្រណាត់សារីស្អាតៗទៅឲ្យគាត់។

ម្ចាស់សិប្បកម្មបានបង្ហាញសារីផ្សេងៗពីគ្នាទៅកាន់ Shashtri Ji ដោយសារីទាំងនោះសុទ្ធសឹងតែមានគុណភាពខ្ពស់ និងលក្ខណៈប្លែកៗ។ បន្ទាប់ពីបង្ហាញរួចលោក Shashtri Ji ពេញចិត្តសារីមួយក្នុងចំណោមសារីទាំងនោះ ហើយបានសួរម្ចាស់ពីតម្លៃរបស់វា ម្ចាស់សិប្បកម្មក៏បានប្រាប់គាត់ថាថ្លៃដើមនៃសារីនោះគឺ ៨០០ រូពី។ បន្ទាប់ពីបានដឹងពីតម្លៃរបស់សារីហើយ លោក Shashtri Ji បាននិយាយថា៖ ” ថ្លៃណាស់! តើអ្នកអាចបង្ហាញខ្ញុំពីសារីណាដែលមានតម្លៃថោកជាងនេះ​ទេ? “​។

ម្ចាស់សិប្បកម្មក៏បានប្រាប់ឲ្យអ្នកគ្រប់គ្រងយកសារីដែលមានតម្លៃថោកជាងមុនបន្តិចមកបង្ហាញដល់លោក Shashtri Ji ហើយបានប្រាប់ពីតម្លៃដល់គាត់ដោយសារីទាំងនោះមានតម្លៃក្រោម ៥០០ រូពី និងក្រោម ៤០០ រូពី។ ប៉ុន្តែលោក Shashtri Ji បាននិយាយថា៖ ” សារីទាំងនេះនៅតែថ្លៃពេក….តើមានសារីណាដែលថោកជាងនេះ ដែលអាចឲ្យជនក្រីក្រដូចខ្ញុំអាចមានលទ្ធភាពទិញបានទេ? “​

នៅពេលបានលឺការឆ្លើយតបរបស់លោក Shashtri Ji ម្ចាស់សិប្បកម្មមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគាត់បាននិយាយថា៖ ” ប៉ុន្តែអ្នកគឺជានាយករដ្ឋមន្រ្តីនៃប្រទេសឥណ្ឌា ម៉េចបានជាអ្នកថាខ្លួនឯងក្រ? លើសពីនេះទៅទៀតអ្នកមិនចាំបាច់ចំណាយប្រាក់មកលើសារីទាំងនេះទេ ព្រោះវាជាអំណោយដែលខ្ញុំជូនអ្នក “។ ភ្លាមៗនោះ Shashtri Ji បានប្រកែកភ្លាមៗថា៖ “​ ទេ! ខ្ញុំមិនអាចទទួលយកអំណោយដែលមានតម្លៃថ្លៃៗ បែបនេះទេ​ “។ តែមិនថាគាត់ប្រកែកយ៉ាងណាម្ចាស់សិប្បកម្មនៅតែទទូចសុំឲ្យគាត់យកអំណោយនោះ ព្រោះវាជាកិត្តិយសរបស់គាត់ដែលនាយករដ្ឋមន្រ្តីឥណ្ឌាបានមកលេងគាត់ ហើយជាថ្នូរគាត់ចង់ជូនសារីជាកាដូសម្រាប់លោក Shashtri Ji ។

ប៉ុន្តែ Shashtri Ji នៅតែរក្សាជំហរដដែលជាមួយនឹងការឆ្លើយតបថា​៖ ” ត្រូវហើយខ្ញុំបានធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែនេះមិនមែនមានន័យថាខ្ញុំអាចទទួលយករបស់ទាំងអស់ ដែលខ្ញុំមិនមានលទ្ធភាពទិញ ជូនទៅប្រពន្ធរបស់ខ្ញុំបានទេ។ ទោះបីជាខ្ញុំជានាយករដ្ឋមន្រ្តីតែការចំណាយរបស់ខ្ញុំមានកំណត់ ដូច្នេះសូមបង្ហាញសារីដែលមានតម្លៃថោកជាងនេះ ខ្ញុំនឹងទិញរបស់ដែលខ្ញុំអាចទិញបាន “។ ទីបំផុតលោក Shashtri Ji បានទិញសារីដែលមានតម្លៃថោកជាងសារីមុនៗ ដែលគាត់មានលទ្ធភាពទិញសម្រាប់ប្រពន្ធរបស់គាត់។​

ដំបូន្មាននៃរឿង៖ លោក Shri La Bahadur Shashtri Ji ជាមនុស្សដែលស្មោះត្រង់ និងថ្លៃថ្នូរ ដោយការល្បួងមិនអាចធ្វើឲ្យគាត់លំអៀង ឬ ផ្លាស់ប្ដូរសេចក្ដីទៀងត្រង់របស់គាត់បានឡើយ៕

អត្ថបទ៖ លីនី