ការបំពុលខ្ពស់នៅក្នុងមហាសមុទ្រ គឺជាបញ្ហាធំនៅលើផែនដី ដោយយោងតាមការស្រាជ្រាវថ្មីៗនេះ នៅឆ្នាំ ២០៥០ នៅក្នុងដែនសមុទ្រនឹងមានប្លាស្ទិកច្រើនជាងត្រី និងសត្វផ្សេងៗ។ ដោយសារហេតុផលនេះមានមនុស្សជាច្រើនកំពុងធ្វើការ ដើម្បីបង្កើតដំណោះស្រាយចំពោះបញ្ហាដែលកើតមាន អ្នកខ្លះមានការស្រមើលស្រមៃយ៉ាងខ្លាំងដើម្បីបញ្ច្រាសស្ថានភាពនេះផងដែរ។
យ៉ាងណាមិញនិស្សិតស្រីវ័យ ២៤ឆ្នាំពីររូបដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania មានឈ្មោះថា Jeanny Yao និង Miranda Wang បានដំណើរការវិធីថ្មីមួយដែលពួកគេបានបង្កើតឡើងតាំងពីឆ្នាំសិក្សាដំបូង រហូតទទួលបានជោគជ័យក្នុងការបំបែកកាកសំណល់ផ្លាស្ទិកនៅក្នុងមហាសមុទ្របំលែងទៅជាទឹក ដោយប្រើបាក់តេរីថ្មីមួយដែលពួកគេបានបង្កើត។ នៅអាយុ ២០ ឆ្នាំ Jeanny Yao និង Miranda Wang មានប័ណ្ណប៉ាតង់រួចមកហើយ និងទទួលបានហិរញ្ញប្បទាន ៤០០ ម៉ឺនដុល្លារដើម្បីចាប់ផ្តើមអភិវឌ្ឍគម្រោងនេះ។
មិនតែប៉ុណ្ណោះគម្រោងរបស់ពួកគេបានឈ្នះពានរង្វាន់ចំនួន ៥ ដែលធ្វើឲ្យនិស្សិតស្រីទាំងពីរនេះ ទទួលបានប្រជាប្រិយភាពក្នុងនាមជាអ្នកវិទ្យាសាស្រ្តវ័យក្មេង ដែលបានឈ្នះពានរង្វាន់វិទ្យាសាស្រ្ត Perlman។ ខណៈដែលបាក់តេរីទាំងនោះមានសមត្ថភាពបំលែងប្លាស្ទិចទៅជាឧស្ម័នកាបូនិក និងទឹក។ ជាមួយគ្នានេះដែរ Miranda Wang និយាយថា៖ “ វាមិនអាចទៅរួចទេដែលធ្វើឲ្យមនុស្សឈប់ប្រើបា្លស្ទិក ដូច្នេះយើងត្រូវការបច្ចេកវិទ្យាដើម្បីបំបែកកាកសណល់ទាំងនោះ ហើយក៏ទទួលបានជោគជ័យ ដោយកាកសំណល់ទាំងអស់អាចរលួយបាន ” ៕



អត្ថបទ៖ លីនី


