អស្ចារ្យ! ហូឡង់ ប្រើប្រាស់សំបកដូងផលិតចេញជាកំណល់កលទំនិញ ដើម្បីជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ
អាជីវកម្ម September 5, 2019 Chan Sreyny

ក្រុមហ៊ុន Cocopallet ដែលចាប់ផ្ដើមដំណើរការនៅប្រទេសហូឡង់បានកំពុងផលិតកំណល់កលសម្រាប់ដឹកទំនិញពីសំបកដូង ដោយជាធម្មតាកំណល់ទាំងនោះភាគច្រើនផលិតពីឈើ។ កំណល់ដែលផលិតពីសំបកដូងនេះត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wageninggen លោក Jan Van Dam កាលពីម្ភៃឆ្នាំមុន បន្ទាប់មកទទួលបានការចាប់អារម្មណ៍ពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលមិនធ្លាប់បានឃើញរបស់នេះពីមុនមក ហើយត្រូវបានសាកល្បងដាក់លក់នៅលើទីផ្សារដោយលោក Michiel Vos ស្ថាបនិកក្រុមហ៊ុន Cocopallet។

ទោះបីជាកំណល់នេះមើលទៅជាបន្ទះក្ដារធម្មតា ប៉ុន្តែលោក Jan Van Dam​ បានបង្ហាញថា វាត្រូវបានផលិតចេញពីសំបកដូងទាំងស្រុង មានភាពស្វិត មាំ និងស្រាលជាងកំណល់ផលិតពីឈើ ចំពោះរូបរាងស្ដើងងាយស្រួលទុកដាក់ ដោយអាចត្រួតលើគ្នាបានច្រើនជាពិសេសវាមានតម្លៃថោក ដែលជាមូលហេតុនៃការទាក់ទាញអ្នកប្រើប្រាស់ឲ្យងាកមកប្រើប្រាស់កំណល់ប្រភេទនេះ។ ចំពោះមូលហេតុដែលជំរុញឲ្យលោកមានគំនិតផលិតកំណល់ពីសំបកដូងនេះ ដោយសារតែលោកបានឃើញពីសក្ដានុពលដ៏ច្រើនពីសំបកដូងដែលត្រូវបានគេបោះបង់នៅតាមផ្លូវ និង ខ្លះត្រូវបានដុត ជាពិសេសភាគច្រើននៅក្នុងតំបន់អាស៊ី។

លើសពីនេះការកែច្នៃវត្ថុធាតុដើមរបស់គាត់នឹងជួយដល់ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើបានដែលជាជំរកសត្វរហូតដល់ ២០០ លានដើមដែលកំពុងត្រូវបានកាប់បំផ្លាញជារៀងរាល់ឆ្នាំ ដើម្បីផលិតក្ដារកំណល់ដឹកទំនិញ ដោយតាមការស្រាវជ្រាវបានប៉ានស្មានថាដើមឈើចំនួន ១៥.៣ លានដើមត្រូវបានកាប់បំផ្លាញជារៀងរាល់ឆ្នាំ​សម្រាប់ការផលិត។ បន្ថែមពីនេះទៅទៀតកាត់បន្ថយការបំពុលបរិស្ថាន ក៏ដូចជាផ្ដល់នូវប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋ និងកសិករបន្ថែមមួយកម្រិតទៀតពីការលក់សំបកដូង ដោយបច្ចុប្បន្ននៅអាស៊ីអាចផលិតបានរាប់ពាន់លានបន្ទះជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ លីនី