កម្ពុជាស្ថិតក្នុងចំណោមប្រទេសនាំចេញអង្ករសរីរាង្គលំដាប់កំពូលទាំង ៥ ទៅកាន់សហភាពអ៉ឺរ៉ុប
សេដ្ឋកិច្ច September 5, 2019 Chan Sreyny

ប្រទេសកម្ពុជាជាប្រទេសនាំចេញអង្ករសេរីរាង្គធំជាងគេទី៥ ទៅកាន់សហភាពអ៉ឺរ៉ុបកាលពីឆ្នាំមុន ដោយក្រុមហ៊ុនក្នងស្រុកជឿជាក់ថាការនាំចេញនឹងបន្តកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមតួលេខពីសហគមន៍អ៉ឺរ៉ុបដែលបានចែករំលែកជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បាននាំចេញអង្ករសរីរាង្គចំនួន ៨,៤៦៧ តោនទៅកាន់សហភាពអ៉ឺរ៉ុបកាលពីឆ្នាំមុន ស្មើនឹងចំនួន ៣.៩% នៃការនាំចូលអង្ករសរីរាង្គរបស់សហភាពអ៉ឺរុប។

ក្នុងនោះផងដែរអ្នកផ្គត់ផ្គង់សំខាន់ៗ​បានបង្ហាញថា តម្រូវការអង្ករសរីរាង្គនៅសហភាពអ៉ឺរ៉ុប និងទីផ្សារសំខាន់ៗដទៃទៀតដូចជាសហរដ្ឋអាមេរិក អូស្រ្តាលី និងចិនកំពុងកើនឡើង ខណៈដែលអ្នកប្រើប្រាស់យល់ដឹងពីបរិស្ថាន និងអំពីអត្ថប្រយោជន៍ចំពោះសុខភាពច្រើនជាងមុន។ ដោយសហរដ្ឋអាមេរិក គឺជាប្រទេសនាំចេញអង្ករសរីរាង្គធំជាងគេទៅកាន់សហភាពអ៉ឺរ៉ុបដែលមានចំនួនជិត ៧០% នៃទីផ្សារ។ បន្ទាប់មកប្រទេសប៉ាគីស្ថាន ១០% និងឥណ្ឌាមាន ៩% ហើយប្រទេសថៃឈរនៅលំដាប់លេខ ៤ ដោយមានទីផ្សារ ៤.៩% ស្មើនឹង ១០,៥២២ តោនក្នុងការនាំចេញ។

ដោយឡែកនៅក្នុងឆ្នាំនេះ អ្នកនាំចេញអង្ករក្នុងស្រុកបានឲ្យដឹងថាបរិមាណអង្ករសរីរាង្គរបស់កម្ពុជាដែលបានដឹកជញ្ជូនទៅសហភាពអ៉ឺរ៉ុប បានកើនឡើងគួរឲ្យកត់សម្គាល់។ ខណៈដែលការនាំចេញអង្ករសរីរាង្គប្រមាណ ៩០% ទៅកាន់សហភាពអ៉ឺរ៉ុបកាលពីឆ្នាំមុន គឺពីក្រុមហ៊ុន Amru Rice Cambodia ដោយក្រុមហ៊ុនបានចុះកិច្ចសន្យាធ្វើកសិកម្មតាមកិច្ចសន្យាជាមួយកសិករប្រមាណ ៥,០០០ នាក់ហើយនៅឆ្នាំនេះ ហើយមានគោលបំណងនាំចេញអង្ករសរីរាង្គចំនួន ២ ម៉ឺនតោនទៅកាន់ទីផ្សារបរទេសដោយ ៨០% ទៅ ៩០% នឹងត្រូវបញ្ជូនទៅ សហភាពអ៉ឺរ៉ុប។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនកម្ពុជា បាននាំចេញអង្ករសរីរាង្គចំនួន ១៥០០ តោនទៅកាន់សហភាពអ៉ឺរ៉ុប ដោយតម្រូវការអង្ករសរីរាង្គនៅសហភាពអ៉ឺរ៉ុបបានកើនឡើងប្រហែល ១៥% ជារៀងរាល់ឆ្នាំ។ ស្របពេលដែលការនាំចេញអង្ករគ្រប់ប្រភេទ​មានចំនួន ៦២៦,២២៥ តោន ធ្លាក់ចុះ ១.៥% បើធៀបនឹងឆ្នាំ ២០១៧។ បន្ថែមពីនេះទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា គឺសហភាពអ៉ឺរ៉ុបដែលបាននាំចូលជិត ២៧០,០០០ តោនស្មើនឹង ៤២.៩% នៃការនាំចេញសរុប ដោយការនាំចេញទៅកាន់ប្រទេសនីមួយៗ អ្នកទិញធំជាងគេ គឺប្រទេសចិនដែលមានចំនួន​១៧០.០០០ តោន៕

អត្ថបទ៖ លីនី