លោក Howard D.Schultz កើតចេញពីគ្រួសារក្រីក្រមួយនៅ Brooklyn ទីក្រុងញូវយ៉ក ដោយឪពុករបស់គាត់គឺជាអតីតទាហានកងទ័ពអាមេរិក ហើយបន្ទាប់មកជាអ្នកបើកបរឡានដឹកទំនិញ។ កុមារភាពរបស់គាត់ត្រូវចំណាយពេលនៅក្នុងជីវភាពក្រីក្រ ដោយការរស់នៅក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ហើយនៅក្នុងគ្រួសារឪពុករបស់គាត់ជាអ្នករកប្រាក់ផ្គត់ផ្គង់។ Schultz បានឃើញឪពុករបស់គាត់រកប្រាក់យ៉ាងលំបាក ខណៈពេលដែលគាត់មានអាយុ ៧ ឆ្នាំ ឪពុករបស់គាត់បានជួបគ្រោះថ្នាក់នៅកន្លែងធ្វើការរងរបួសជើងយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែគាត់មិនទទួលបានការធានារ៉ាប់រងថ្លៃព្យាបាលនោះទេ ដូច្នេះបន្ទុកទាំងអស់នេះបានធ្លាក់ទៅលើ Howard Schultz ដែលបន្សល់នូវស្លាកស្នាម ជាមួយនឹងការចងចាំដ៏គួរឲ្យភ័យខ្លាចក្នុងវ័យកុមារភាពរបស់គាត់។
គាត់បានចងចាំរឿងគ្រប់យ៉ាងទុកក្នងចិត្ត ព្រមទាំងរឿងដែលឪពុករបស់គាត់បាត់បង់នូវភាពថ្លៃថ្នូ និងមិនទទួលបានការគោរព ដោយសារគេចាត់ទុកគាត់ត្រឹមតែជាកម្មករធម្មតាម្នាក់ ដែលមិនទទួលបានការទទួលខុសត្រូវពីកន្លែងធ្វើការរបស់គាត់។ រហូតនៅវិទ្យាល័យគាត់បានទទួលបានអាហាររូបករណ៍ផ្នែកកីឡានៅសកលវិទ្យាល័យ Northern Michigan ដោយសារតែគាត់ប្រកួតបាល់ទាត់ឈ្នះ។ តែនៅពេលដែលចាប់ផ្តើមមហាវិទ្យាល័យ Schultz បានជ្រើសរើសមុខជំនាញដែលគាត់ចូលចិត្តគឺ ផ្នែកទំនាក់ទំនង ជំនួសឲ្យជំនាញផ្នែកកីឡា ដូច្នេះដើម្បីបង់សាលា គាត់ធ្វើការជាអ្នកក្រឡុកស្រា ហើយពេលខ្លះគាត់ធ្លាប់លក់ឈាមរបស់គាត់ទៅឲ្យអ្នកដែលត្រូវការ ដើម្បីយកប្រាក់ផ្គត់ផ្គង់ការសិក្សា។
បន្ទាប់ពីបញ្ជប់ការសិក្សា Howard បានចំណាយពេលបីឆ្នាំធ្វើជាអ្នកគ្រប់គ្រងផ្នែកលក់នៅ Xerox បន្ទាប់មកបានចូលរួមជាមួយក្រុមហ៊ុន Hamamaplast របស់ស៊ុយអែត ដែលជាក្រុមហ៊ុនលក់សំភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនដែលរួមមាន ការលក់ម៉ាស៊ីនកាហ្វេទៅឲ្យហាងកាហ្វេ Starbucks។ មិនយូរប៉ុន្មាន Starbucks បានចាប់អារម្មណ៍ Howard នៅពេលដែលបញ្ជាទិញម៉ាស៊ីនកាហ្វេមួយចំនួនធំ ដែលនេះជាឱកាសនាំគាត់ហោះហើរទៅកាន់ក្រុង Seattle ដើម្បីជួប Gerald Baldwin និង Gordon Bowker ដេលជាម្ចាស់ហាងកាហ្វេ Starbucks ។ បន្ទាប់ពីការបញ្ចុះបញ្ចូលឥតឈប់ឈរអស់រយៈពេល ១ ឆ្នាំ ម្ចាស់ហាង Starbucks បានសម្រេចចិត្តជួលគាត់ ធ្វើជានាយកប្រតិបត្តិលក់រាយ និងទីផ្សារដោយពេលនោះ Starbucks មានតែ ៣ កន្លែងប៉ុណ្ណោះ។

ដំណើរដែលផ្លាស់ប្ដូរអាជីពរបស់ Starbucks និង Schultz គឺនៅពេលដែលធ្វើដំណើរទៅកាន់ទីក្រុង Milan ដើម្បីចូលរួមកម្មវិធីបង្ហាញផលិតផលអន្តរជាតិ ដោយនៅតាមផ្លូវគាត់បានឆ្លងកាត់ហាងកាហ្វេតូចៗ ដែលម្ចាស់ហាងកាហ្វេមានភាពជិតស្និតជាមួយនឹងអតិថិជនរបស់ពួកគេ ព្រមទាំងហៅឈ្មោះរបស់អតិថិជននៅពេលដែលពួកគេបម្រើកាហ្វេដល់អតិថិជន។ នៅឆ្នាំ ១៩៨៥ លោក Howard បានលាឈប់ពី Starbucks ខណៈដែលគាត់បានផ្ដល់គំនិត ពីបទពិសោធន៍របស់អ្នកលក់កាហ្វេនៅអ៊ីតាលី ត្រូវបានស្ថាបនិកទាំងពីរបដិសេធ។ បន្ទាប់មក គាត់បានបន្តបង្កើតហាងកាហ្វេផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា ‘Il Giornale’ ជាភាសាអ៊ីតាលី ឬ ‘The Daily ’ ដោយប្រើប្រាស់គំនិត និងបទពិសោធរបស់គាត់។

ទឹកប្រាក់ជាង ១.៦ លានដុល្លារបានធ្វើឲ្យ ‘Il Giornale’ ដំណើរការបានយ៉ាងល្អ ដោយមុនពេលដែលគាត់ចាប់ផ្ដើមអាជីវកម្មក្នុងរយៈពេលមួយឆ្នាំ គាត់បានចំណាយពេលដើម្បីស្វែងរកអ្នកវិនិយោគទឹកប្រាក់ ដោយបាននិយាយទៅកាន់មនុស្សចំនួន ២៤២ នាក់ហើយក្នុងចំណោមពួកគេទាំងនោះ ២១៧ នាក់បានបដិសេធ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែបន្ត និងចំណាយពេល ២ ឆ្នាំដើម្បីចម្លងវប្បធម៌កាហ្វេដែលគាត់ធ្លាប់ទទួលបាននៅប្រទេសអ៊ីតាលីនៅក្នុងហាងរបស់គាត់ Il Giornale ។ ហើយនៅខែសីហាឆ្នាំ ១៩៨៧ Starbucks ត្រូវបានទិញដោយហាងកាហ្វេ ‘Il Giornale’ នៅក្នុងតម្លៃ ៣,៨ លានដុល្លារ។ ឥឡូវនេះការលក់ប្រចាំឆ្នាំរបស់ Starbucks មានជាង ១៦ ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិសុទ្ធរបស់ Schultz ក៏បានកើនឡើងដល់ ៣ ពាន់លានដុល្លារផងដែរ។
តម្លៃអប់រំ៖ យោងតាមខ្សែជីវិត និងការចាប់ផ្ដើមរបស់លោក Howard Schultz អាចបង្ហាញថាមិនមានអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យនោះទេ មានតែការខិតខំប្រឹងប្រែង និងបទពិសោធផ្ទាល់ខ្លួនរបស់គាត់ ជាពិសេសគឺការជំនះរាល់ឧបសគ្គ និងនៅតែបន្តឈានទៅមុខទៀត បើទោះបីជាទទួលបានការបដិសេធរាប់រយ រាប់ពាន់ដងក្នុងជីវិតក៏ដោយ ដរាបណាអ្នកមិនទាន់សម្រេចបានគោលដៅ និងអ្វីដែលអ្នកចង់បាន៕
អត្ថបទ៖ លីនី


