សហគ្រាសមកពីប្រទេសឥណ្ឌាជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្នុងការសហការជាមួយទីក្រុងហូជីមិញក្នុងការកែច្នៃ និងគ្រប់គ្រងកាកសំណល់ ថាមពលកកើតឡើងវិញ និងការផលិតថាមពល នៅឯវេទិការធុរកិច្ចឥណ្ឌា-វៀតណាមណពេលថ្មីៗនេះនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមភាគខាងត្បូងទីក្រុងហូជីមិញ។ ដោយក្នុងនោះក្រុមហ៊ុន Innovest Venture របស់ឥណ្ឌាចង់ធ្វើការជាមួយក្រុមហ៊ុន ក្នុងស្រុករបស់វៀតណាម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែច្នៃ និងការអភិវឌ្ឍថាមពលកកើតឡើងវិញ ខណៈដែលក្រុមហ៊ុន Sterling & Wilson កំពុងស្វែងរកឱកាសវិនិយោគក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។
ជាមួយគ្នានេះដែររដ្ឋាភិបាលឥណ្ឌាក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឥណ្ឌាឲ្យមកវិនិយោគនៅវៀតណាម ហើយបានលើកឡើងនៅចំណុចសំខាន់ៗ ដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការដូចជា ការអប់រំ កសិកម្ម ផលិតកម្មអេឡិចត្រូនិច និងសំណង់។ គួរបញ្ចាក់ផងដែរថា ការវិនិយោគរបស់ឥណ្ឌានៅវៀតណាមមានតម្លៃប្រមាណ ១.៧ ពាន់លានដុល្លារ ក្នុងនោះមានការវិនិយោគឆ្លងកាត់ប្រទេសទីបី ដែលភាគច្រើនស្ថិតនៅក្នុង ការរុករកថាមពលរ៉ែ កែច្នៃកសិកម្ម គីមី បច្ចេកវិទ្យា និងគ្រឿងបន្លាស់រថយន្ត។ បន្ថែមពីនេះវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងយកចិត្តទុកដាក់ក្នុងការកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម និងជួយវិនិយោគិន ដើម្បីទាក់ទាញការវិនិយោគបរទេសឲ្យបានច្រើន សម្រាប់គម្រោងការពារបរិស្ថាននេះ៕

អត្ថបទ៖ លីនី


