ថៃមានបំណងចង់ជំរុញពាណិជ្ជកម្មតាមព្រំដែនជាមួយម៉ាឡេស៊ី ដើម្បីកែលំអសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់
សេដ្ឋកិច្ច September 4, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានឲ្យដឹងថា​រដ្ឋាភិបាលថៃកំពុងខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរាំងស្ទះនានា ដើម្បីធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ខណៈដែលក្រសួងពាណិជ្ជកម្មថៃនឹងរៀបចំព្រឹត្តិការណ៍ដោះដូរអាជីវកម្មសម្រាប់សហគ្រាសនៃប្រទេសទាំងពីរនៅខែក្រោយដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ជាមួយគ្នានេះដែររដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មថៃយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញពាណិជ្ជកម្មតាមព្រំដែនដែលដើរតួយ៉ាងសំខាន់ក្នុងការកែលំអសេដ្ឋកិច្ច និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងតំបន់នៅភាគខាងត្បូង។

ដោយយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មថៃ-ម៉ាឡេស៊ីមានតម្លៃជាង ៨០៣ ពាន់លានបាត (ជាង ២៦.២៣ ពាន់លានដុល្លារ) ហើយក្នុងឆមាសទី១ ឆ្នាំនេះមានចំនួន ៣៨៧ ពាន់លានបាត។ ដោយឡែកពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាងពីរមានចំនួន ៧០% នៃតម្លៃពាណិជ្ជកម្មសរុប ខណៈដែលកាលពីឆ្នាំមុនពាណិជ្ជកម្មតាមព្រំដែនទ្វេភាគីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជាង ៥៦៨ ពាន់លានបាត ហើយក្នុងឆមាសទី១ នៃឆ្នាំនេះត្រូវបានប៉ាន់ប្រមាណគិតជាទឹកប្រាក់ចំនួន ២៧១ ពាន់លានបាត។

គួរបញ្ជាក់ផងដែរថាកន្លងមកនៅច្រកព្រំដែនថៃ-ម៉ាឡេស៊ីត្រូវរងការរំខានពីការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលបង្កឲ្យមានការរាំងស្ទះលំហូរនៃទំនិញ និងភ្ញៀវទេសចរ។ ដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃបានកំពុងដុតដៃដុតជើងដឹកនាំត្រួតពិនិត្យវឌ្ឍនភាពនៃប៉ុស្តិ៍ត្រួតពិនិត្យគយនិងអន្តោប្រវេសន៍ទីពីរនៅក្នុងស្រុក សាដាវ ដែលត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកំពុងតែកើនឡើងផងដែរ៕

អត្ថបទ៖ លីនី