កម្ពុជា និង​ម៉ាឡេស៊ីចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍
សេដ្ឋកិច្ច September 4, 2019 Chan Sreyny

ភ្នំពេញ​៖ កាលពីព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងចំនួន ២ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងវិស័យទេសចរណ៍។ យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន ​សែនថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ៤០០ លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ហើយសម្ដេចជឿជាក់ថាតួលេខនេះនឹងកើនឡើង បន្ថែមទៀតដោយសារកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីៗរួមទាំង កិច្ចព្រមព្រៀងស្តីពីការជៀសវាងពន្ធទ្វេដង។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសម៉ាឡេស៊ី គឺជាវិនិយោគិនបរទេសធំជាងគេទី៥ នៅកម្ពុជា ដោយក្នុងកំឡុងឆ្នាំ ២០១៤ ដល់ ២០១៨ ព្រះរាជាណាចក្រកម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ៤៨១ លានដុល្លារពីប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះដែរ សម្ដេចតេជោ និងសមភាគីម៉ាឡេស៊ី បានយល់ព្រមអនុញ្ញាតឲ្យទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរស្វែងរកមធ្យោបាយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត។ លើសពីនេះក្រៅពីកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង កម្ពុជានិងម៉ាឡេស៊ីបានចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយប្រទេសទាំងពីរកំពុងពិចារណាលើការប្រើប្រាស់ទិដ្ឋាកាមួយសម្រាប់ប្រទេសទាំងពីរមានន័យថាភ្ញៀវទេសចរបរទេសដែលទទួលបានទិដ្ឋាការចូលប្រទេសម៉ាឡេស៊ីក៏អាចមកទស្សនាប្រទេសកម្ពុជាផងដែរ។

មិនតែប៉ុណ្ណោះកម្ពុជា និងម៉ាឡេស៊ីក៏កំពុងស្ថិតក្នុងការចរចារលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងបានចែករំលែកទស្សនៈគ្នាទៅវិញទៅមក ថាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងចូលរួមចំណែកក្នុងការធ្វើសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមេដឹកនាំទាំងពីរបានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀងនេះក្នុងឆ្នាំនេះ៕

អត្ថបទ៖ លីនី