បើអ្នកគិតថាជីវិតជួបការលំបាក និងបរាជ័យ គួរស្វែងយល់ និងរៀនសូត្រពីខ្សែជីវិតរបស់អតីតប្រធានាធិបតី Abraham Lincoln មុនពេលទទួលបានជោគជ័យ
គំនិតអប់រំ September 3, 2019 Chan Sreyny

លោក Abraham Lincoln កើតនៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ ១៨០៩ នៅពេលមានអាយុ ៩ ឆ្នាំម្ដាយរបស់គាត់បានស្លាប់ ដែលជារឿងប៉ះពាល់ផ្លូវចិត្តគាត់យ៉ាងខ្លាំង។ បន្ទាប់ពីការស្លាប់របស់ម្ដាយ Lincoln ចាប់ផ្ដើមមានទំនាក់ទំនងមិនល្អជាមួយឪពុករបស់គាត់ ហើយត្រូវបង្ខំចិត្តចាកចេញពីផ្ទះ និងស្វែងរកការងារទាំងក្មេងខ្ចី។ រហូតដល់អាយុ ២១ ឆ្នាំ គាត់បានបរាជ័យនៅក្នុងអាជីវកម្ម មិនតែប៉ុណ្ណោះនៅអាយុ ២២ ឆ្នាំ​ គាត់ត្រូវចាញ់នៅក្នុងការប្រកួតប្រជែងជាអ្នកតាក់តែងច្បាប់។

លុះដល់អាយុ ២៤ ឆ្នាំ Abraham Lincoln បានបរាជ័យក្នុងអាជីវកម្មម្ដងទៀត បន្ទាប់មកជិវិតបានប្រសើរឡើងបន្តិច នៅអាយុ ២៦ ឆ្នាំ គូស្នេហ៍របស់គាត់ក៏ត្រូវស្លាប់។ គាត់ត្រូវទទួលយករឿងរ៉ាវដ៏ឈឺចាប់នេះ និងជំនះលើរឿងដ៏សែនឈឺចាប់ក្នុងការបាត់បង់មនុស្សជាទីស្រលាញ់ទី២ នៅក្នុងជីវិតបន្ទាប់ពីការបាត់បង់ម្ដាយរបស់គាត់ មិនយូរប៉ុន្មាននៅអាយុ ២៧ ឆ្នាំ គាត់មានជំងឺសរសៃប្រសាទ។

រហូតដល់អាយុ ៣៤ ឆ្នាំគាត់បានចាញ់បោះឆ្នោតសភា តែគាត់មិនបោះបង់នោះទេ នៅតែព្យាយាមបន្តទៀត។ ប៉ុន្តែគាត់បានចាញ់ឆ្នោតក្នុងការជ្រើសរើសឈរឈ្មោះសមាជិកព្រឹទ្ធសភានៅអាយុ ៤៥ ឆ្នាំ ហើយនៅអាយុ ៤៧ ឆ្នាំគាត់បានបរាជ័យនៅក្នុងកិច្ចប្រឹងប្រែងដើម្បីក្លាយជាអនុប្រធានាធិបតី។ បន្ទាប់មកនៅអាយុ ៤៩ ឆ្នាំគាត់បានចាញ់ឆ្នោតក្នុងការជ្រើសរើសឈរឈ្មោះសមាជិកព្រឹទ្ធសភាម្ដងទៀត។ ពិតណាស់នៅក្នុងខ្សែជីវិតរបស់ Abraham Lincoln ទទួលបរាជ័យស្ទើរតែគ្រប់រឿង តែសួរថាតើគាត់បោះបង់ចោលគោលដៅ និងជីវិតដែរទេ?

ចម្លើយគឺគាត់មិនបោះបង់នោះទេ ផ្ទុយទៅវិញចំពោះ Lincoln គាត់គិតថាការបរាជ័យគឺ ជាផ្លូវវាងមិនមែនជាទីបញ្ចប់នោះទេ ដូច្នេះគាត់មិនដែលបោះបង់ឡើយមានតែប្រឹងជំនះ និងបន្តគោលដៅទៅមុខជានិច្ច រហូតបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅអាយុ ៥២ ឆ្នាំ។

តម្លៃអប់រំ៖ រឿងជោគជ័យទាំងអស់គឺ ជារឿងរ៉ាវនៃការបរាជ័យដ៏អស្ចារ្យ។ ភាពខុសគ្នាតែមួយ គឺថារាល់ពេលដែលពួកគេបរាជ័យពួកគេបានលោតត្រឡប់មកវិញ។ នេះហៅថាការឈានទៅមុខជាជាងថយក្រោយ ដូច្នេះអ្នកត្រូវរៀនហើយដើរទៅមុខ រៀនពីការបរាជ័យរបស់អ្នកហើយបន្តដំណើរទៅមុខទៀត៕

អត្ថបទ៖ លីនី