យោងតាមភ្នាក់ងារសារព៌ត័មានប្រទេសវៀតណាមបានឲ្យដឹងថា រហូតមកទល់ពេលនេះទីក្រុងហូជីមិញបានទាក់ទាញការវិនិយោផ្ទាល់ពីបរទេស (FDI) ចំនួន ៤.១៩ ពាន់លានដុល្លារពោលគឺកើនឡើង ២១.៧% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះគណៈកម្មការប្រជាជនក្រុងបានផ្ដល់អាជ្ញាប័ណ្ណវិនិយោគថ្មី ដល់គម្រោងវិនិយោគបរទេសចំនួន ៨១៦ គម្រោងដោយមានដើមទុនចុះបញ្ជីសរុប ៧៥៤,១ លានដុល្លារនាពេលបច្ចុប្បន្ន ក្រៅពីនេះគម្រោងដែលមានសា្រប់ចំនួន ១៩៧ បង្កើនដើមទុន ៤១៩,៣ លានដុល្លារ។
បន្ថែមពីនេះទៅទៀតវិនិយោគិនបរទេសចំនួន ៣,១៤៧ នាក់បានចុះបញ្ជីចំនួន ៣.០២ ពាន់លានដុល្លារដើម្បីបណ្ដាក់ទុន ឬ ទិញដើមទុនភាគហ៊ុនក្នុងស្រុកក្នុងពេលដែលត្រូវបានត្រួតពិនិត្យឡើងវិញ។ ជាមួយគ្នានេះផងដែរវិស័យអចលនទ្រព្យបាននាំមុខគេក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ២៥០,៥ លានដុល្លារក្នុងគម្រោងចំនួន ៣៣ គម្រោង។ បន្ទាប់មកគឺ វិទ្យាសាស្រ្តបច្ចេកវិទ្យាដែលមានតម្លៃវិនិយោគ ២២៦,៧ លានដុល្លារ ពាណិជ្ជកម្ម ១៤១,៥ លានដុល្លារ និងការដឹកជញ្ជូនទំនិញ ៣១,៦ លានដុល្លារ។
ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០១៩ នេះនៅក្នុងទីក្រុងហូជីមិញមានប្រទេស និងតំបន់ចំនួន ៦០ ដែលបានវិនិយោគ ដោយកោះ Virgin របស់ប្រទេសអង់គ្លេសស្ថិតនៅលើគេក្នុងបញ្ជីដែលមាន ១០ គម្រោងគិតជាទឹកប្រាក់ស្មើនឹង ១៧៩,១ លានដុល្លារ ឬស្មើនឹង ២៣.៧% នៃចំនួនសរុប។ ខណៈពេលដែលវិនិយោគិនមកពីសាធារណរដ្ឋកូរ៉េបានចំណាយប្រាក់ ១៦១,៤ លានដុល្លារអាមេរិកទៅក្នុង ១៧២ គម្រោងនៅក្នុងទីក្រុង អ្នកវិនិយោគមកពីប្រទេសជប៉ុនមាន ១១១ គម្រោងដែលមានតម្លៃ ១៣៩,១ លានដុល្លារ និងវិនិយោគិនពីប្រទេសសិង្ហបុរីចំនួន ១០៥ គម្រោងដែលមានទឹកប្រាក់សរុប ១១៨,១ លានដុល្លារ។
យ៉ាងណាមិញដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគបរទេស អាជ្ញាធរក្រុងបានប្រកាន់យកគោលនយោបាយ និងកម្មវិធីដើម្បីគាំទ្រវិនិយោគិនជាពិសេសក្នុងឧស្សាហកម្ម និងសង្វាក់ផលិតកម្ម និងកែច្នៃ។ មិនតែប៉ុណ្ណោះយកចិត្តទុកដាក់ក្នុងការកែលំអបរិយាកាសវិនិយោគ និងបរិយាកាសធុរកិច្ចដើម្បីទាក់ទាញគម្រោងវិនិយោគបរទេសបន្ថែមទៀត៕


អត្ថបទ៖ លីនី


