ផ្នត់គំនិតរបស់និស្សិតជាច្រើនតែងគិតថា ទទួលបានសញ្ញាប័ត្របន្ទាប់ពីការសិក្សាអស់រយៈពេល ៤ ឆ្នាំដោយចំណាយប្រាក់អស់រាប់ពាន់ដុល្លារពីសាលាល្បីៗ គឺជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានជោគជ័យនៅក្នុងក្រុមហ៊ុនកំពូលៗដូចជា៖ Apple, Google និង Netflix ប៉ុន្តែការពិត ខុសដាច់ស្រឡះពីការគិតរបស់ពួកគេ។ ជាក់ស្ដែងមេដឹកនាំអាជីវកម្មលេចធ្លោមួយចំនួនដូចជានាយកប្រតិបត្តិក្រុមហ៊ុន Siemens USA លោកស្រី Barbara Humpton និងនាយកប្រតិបត្តិ Apple លោក Tim Cook ត្រូវបានសាកសួររួចមកហើយអំពីរឿងនេះ។
ដោយលោក Tim Cook បានផ្ដល់ចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបានលើកឡើងនូវភាពជាក់ស្ដែងរបស់ក្រុមហ៊ុន ដែលក្រុមការងារប្រហែលពាក់កណ្ដាលនៃក្រុមហ៊ុន Apple នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុនសុទ្ធតែមិនមានសញ្ញាដែលបញ្ចប់ពីសកលវិទ្យាល័យរយៈ ៤ ឆ្នាំនោះទេ។ ក្នុងនោះលោកបានលើកហេតុផលមកបញ្ជាក់យ៉ាងច្បាស់ផងដែរថា មហាវិទ្យាល័យជាច្រើនមិនបានបង្រៀនជំនាញអាជីវកម្មដែលត្រូវការបំផុតនៅក្នុងក្រុមហ៊ុន Apple ដូចជាការសរសេកូដនោះទេ។
ដោយឡែកលោកស្រី Humpton ក៏បានច្រានចោលគំនិតដែលថាសញ្ញាប័ត្ររយៈពេលបួនឆ្នាំធានាដល់ការត្រៀមខ្លួនសម្រាប់អាជីពនេះផងដែរដោយលោកស្រីលើកឡើងថា៖ ” ជាទូទៅតម្រូវការការងារ នឹងបង្ហាញថាពួកគេត្រូវការសញ្ញាប័ត្ររយៈពេល ៤ ឆ្នាំ នៅពេលដែលការពិតគ្មានអ្វីទាក់ទងនឹងការងារដែលត្រូវការរយៈពេល ៤ ឆ្នាំទាល់តែសោះ “។ ហើយមកទល់បច្ចុប្បន្ននេះក្រុមហ៊ុនល្បីៗដូចជា Google និង Apple កំពុងជួលបុគ្គលិកមានជំនាញពិតប្រាកដ ដែលពួកគេត្រូវការដើម្បីបំពេញការងារ ដោយមិនគិតពីសញ្ញាប័ត្រឡើយ។
យោងតាមសេវាកម្មបណ្តាញសង្គមដែលផ្តោតលើអ្នកជំនាញអាជីវកម្ម LinkedIn បានរកឃើញថាក្រុមហ៊ុនដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះមិនតម្រូវឲ្យនយោជិកមានសញ្ញាប័ត្រសាកលវិទ្យាល័យនោះទេ ទៅលើមុខជំនាញមួយចំនួនដូចជា ផ្នែកបច្ចេកទេសអេឡិចត្រូនិច ផ្នែកមេកានិច ផ្នែកឌីហ្សាញ និងផ្នែកតំណាងទីផ្សារ។ ដូចអ្វីដែលមនុស្សជាច្រើនរំពឹងថាស្វ័យប្រវត្តិកម្មនឹងផ្លាស់ប្ដូរមួយភាគបួននៃកម្លាំងពលកម្ម ខណៈដែលអ្នកជំនាញ និងអ្នកស្រាវជ្រាវកំពុងតែបោះជំហានរួចទៅហើយជុំវិញការជ្រើសរើស ដើម្បីជួយរៀបចំនិយោជិកវ័យក្មេងសម្រាប់ការងារ។
លោក Tim Cook ក៏បានបន្ថែមផងដែរថា “ ដូចដែលយើងដឹងស្រាប់ហើយក្រុមហ៊ុនរបស់យើងត្រូវបានបង្កើតឡើងដោយការបោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ។ ដូច្នេះយើងមិនដែលគិតថាសញ្ញាបត្រមហាវិទ្យាល័យ គឺជាអ្វីដែលជំរុញឲ្យអ្នកធ្វើបានល្អនោះទេ យើងតែងតែព្យាយាមពង្រីកការយល់ដឹងរបស់យើង ” ៕


អត្ថបទ៖ លីនី


