កាលពីក្មេង Thomas Edison ត្រូវបានសាលារើសអើងបញ្ឈប់ការសិក្សា គាត់មិនបានខឹងតែបានអរគុណគណៈគ្រប់គ្រងសាលាបើគ្មានថ្ងៃនោះ ក៏មិនមាន Thomas Edison នៅថ្ងៃនេះដែរ
គំនិតអប់រំ September 2, 2019 Chan Sreyny

រឿងនិទាន៖ កាលពីនៅក្មេង Thomas Edison បានចូលរៀននៅសាលា ថ្ងៃមួយពេលចេញពីសាលាត្រឡប់មកផ្ទះវិញគាត់បានឲ្យក្រដាសមួយទៅម្ដាយរបស់គាត់។ គាត់បានប្រាប់ម្ដាយរបស់គាត់ថាគ្រូរបស់គាត់បានឲ្យក្រដាសនេះមកហើយនិយាយថា៖ ” ឲ្យក្រដាសនេះទៅម្ដាយរបស់អ្នក “។ ម្ដាយរបស់គាត់បានទទួល ហើយបើកក្រដាសនោះអាន បន្ទាប់ពីអានចប់ភ្នែករបស់គាត់ពោពេញដោយទឹកភ្នែក ឃើញបែបនេះ Thomas បានសួរម្ដាយរបស់គាត់អំពីអ្វីដែលបានសរសេរនៅក្នុងក្រដាសនោះ។

ម្ដាយរបស់គាត់បានអានយ៉ាងលឺៗ ទៅកាន់កូនប្រុសថា៖ ” កូនប្រុសរបស់អ្នកគឺជាមនុស្សពូកែណាស់ សាលានេះតូចពេកសម្រាប់គាត់ ហើយយើងមិនមានធនធានគ្រប់គ្រាន់ និងគ្រូល្អៗបណ្ដុះបណ្ដាលគាត់ទេ ដូច្នេះសូមបង្រៀនគាត់ដោយខ្លួនឯង “។ បន្ទាប់មកជាច្រើនឆ្នាំកន្លងផុតទៅម្ដាយរបស់ Thomas បានទទួលមរណភាព ហើយគាត់បានក្លាយជាអ្នកច្នៃប្រឌិតដ៏អស្ចារ្យម្នាក់។ ថ្ងៃមួយពេលដែលគាត់កំពុងមើលវត្ថុចាស់ៗរបស់គ្រួសារគាត់ Thomas បានឃើញសំបុត្រមួយនៅជ្រុងតុរបស់គាត់ ហើយបានយកវាមកអាន។

នៅក្នុងក្រដាសបានសរសេរថា៖ ” កូនប្រុសរបស់អ្នកមានជំងឺផ្លូវចិត្ត ហើយយើងមិនអនុញ្ញាតឲ្យគាត់មកសាលារៀនទៀតទេ ” វាជាក្រដាសដដែលដែលគ្រូរបស់គាត់ផ្ញើរពីសាលាមកឲ្យម្ដាយរបស់គាត់។ បន្ទាប់ពីអានហើយ Thomas យំអស់រាប់ម៉ោង ហើយសរសេរនៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់គាត់ថា៖ ” Thomas Edison គឺជាក្មេងមានជំងឺផ្លូវចិត្ត តែត្រូវម្ដាយដ៏អស្ចារ្យប្រែក្លាយរូបគេជាមនុស្សពូកែម្នាក់នៅក្នុងសតវត្សនេះ”។

តម្លៃអប់រំនៃរឿង៖ ជិវិតកើតមកតែងរមែងជួបនឹងបញ្ហាជៀសមិនផុត តែមិនគួរបោះបង់ឡើយ យើងត្រូវមានទំនុកចិត្តលើខ្លួនឯងហើយឈានទៅមុខជានិច្ច ដោយរក្សាឥរិយាបទវិជ្ជមាន និងការខិតខំប្រឹងប្រែង៕

អត្ថបទ៖ លីនី