ថាមពលពន្លឺព្រះអាទិត្យ (សូឡា) របស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងឈានដល់ប្រហែល ២០០០ មេហ្គាវ៉ាត់នៅចុងឆ្នាំ ២០២០ នេះបើយោងតាមអគ្គិសនីវៀតណាម (EVN)។ ជាមួយគ្នានេះក្នុងរយៈពេល ៣ ខែកន្លងមកគ្រួសារជាង ៤០០០ គ្រួសារបានតំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលដែលមានថាមពលសរុប ២០០ មេហ្គាវ៉ាត់ ហើយត្រូវបានគេប៉ាន់ប្រមាណថាថាមពលពន្លឺព្រះអាទិត្យដែលមាន ៣០០ មេហ្គាវ៉ាត់ទៀតនឹងត្រូវបន្ថែមនៅចុងឆ្នាំ ២០១៩ ដើម្បីជួយធានាដល់កម្រិតក្នុងការផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេស។
ដោយសារតែប្រភពថាមពលដើមកំពុងត្រូវបានបាត់បង់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញរួមមានថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលគឺមានសារៈសំខាន់ណាស់ក្នុងការផ្តល់ថាមពលគ្រប់គ្រាន់ដល់ប្រជាជនដែលកំពុងកើនឡើងរបស់វៀតណាម។ យ៉ាងណាមិញនៅចុងខែមិថុនាឆ្នាំ ២០១៩ កន្លងមកនេះប្រទេសវៀតណាមមានរោងចក្រថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យចំនួន ៨៩ កន្លែងដែលមានកម្លាំងរួម ៥,០៣៨ មេហ្កាវ៉ាត់ស្មើនឹង ៩.៥% នៃសមត្ថភាពថាមពលសរុបរបស់ប្រទេស។ ដូច្នេះគេរំពឹងថាថាមពលកកើតឡើងវិញប្រមាណ ១០០០ មេហ្គាវ៉ាត់នឹងភ្ជាប់ទៅបណ្តាញអគ្គិសនីនៅចុងឆ្នាំ ២០១៩ ដែលជួយសម្រួលដល់កង្វះខាតថាមពលសម្រាប់ប្រើប្រាស់។
បន្ថែមពីនេះទៅទៀតនាពេលថ្មីៗនេះការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល បានជួយកាត់បន្ថយការបញ្ជូនថ្លៃដើម និងសម្ពាធតម្លៃ ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពល។ ដោយបច្ចុប្បន្ននេះប្រទេសវៀតណាមអនុវត្តតម្លៃ ៩.៣៥ សេនក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ហើយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានស្នើរក្សាតម្លៃនេះរហូតដល់ឆ្នាំ ២០២១ ដើម្បីជំរុញការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ។ ជាមួយគ្នានេះអ្នកជំនាញផ្នែកថាមពលកកើតឡើងវិញក៏បានបង្ហាញផងដែរថាតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសមានសក្តានុពលធំធេងក្នុងការអភិវឌ្ឍប្រព័ន្ធព្រះអាទិត្យលើដំបូលដែលមានកាំរស្មីព្រះអាទិត្យពី ៤.២ ទៅ ៤.៨ គីឡូវ៉ាត់ម៉ោងក្នុងមួយម៉ែតការ៉េក្នុងមួយថ្ងៃ មិនតែប៉ុណ្ណោះដោយមានគោលនយោបាយគាំទ្រ គោលដៅនៃការតំឡើងប្រព័ន្ធសូឡានៅលើដំបូលចំនួន ១០០,០០០ នៅចុងឆ្នាំ ២០២៥ នឹងអាចសម្រេចបាន៕


អត្ថបទ៖ លីនី


