ថៃត្រៀមជះលុយជិត ៤ លានដុល្លារសម្រាប់ជំរុញវិស័យទេសចរណ៍ ដើម្បីសម្រេចបានគោលដៅនៅឆ្នាំនេះ
សេដ្ឋកិច្ច September 2, 2019 Chan Sreyny

យោងតាមក្រសួងទេសចរណ៍ និងកីឡាថៃបានបង្ហើបឲ្យដឹងថាខ្លួននឹងចំណាយថវិកាប្រមាណ ១២០ លានបាត ( ៣.៩ លានដុល្លារ) ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីសម្រេចបាននូវអត្រាកំណើនយ៉ាងតិច ៧% នៅឆ្នាំនេះ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Phiphat Ratchakitprakarn បាននិយាយថាទឹកប្រាក់សរុប នឹងត្រូវចំណាយទៅលើគម្រោងជំរុញ ហើយនឹងត្រូវបានបន្ថែមទៅក្នុងផែនការផ្ដល់ប្រាក់ចំនួន ១០០០ បាតដល់ពលរដ្ឋថៃម្នាក់ៗដើម្បីចំណាយលើវិស័យទេសចរណ៍ដែលជាវិធានការរបស់ក្រសួងហិរញ្ញវត្ថុផងដែរ។

បន្ថែមពីនេះលោកបានបន្តថា ថវិកានិងត្រូវប្រើប្រាស់យ៉ាងហោចណាស់សម្រាប់ ៣ គំរោង ដោយគម្រោងមួយក្នុងចំណោមទាំងនោះ គឺជ្រើសរើសយកអ្នកដែលមានសំណាង ១០,០០០ នាក់ដោយចៃដន្យនៅថ្ងៃទី៩ ខែកញ្ញា ថ្ងៃទី១០​ ខែ​តុលា ថ្ងៃទី១១ ខែវិច្ឆិកា និងថ្ងៃទី១២ ខែធ្នូ ដើម្បីទទួលបានកញ្ចប់ទេសចរណ៍ដែលមានតម្លៃ ១០០ បាត។ ទន្ទឹមនឹងនេះក្រសួងក៏នឹងរៀបចំកម្មវិធីអេឡិចត្រូនិចសម្រាប់ភ្ញៀវទេសចរប្រើប្រាស់ក្នុងដំណើរកម្សាន្តរបស់ពួកគេដែលផ្តល់ឲ្យពួកគេនូវប្រាក់សំណង ១៥% ទៅវិញ ។

មិនតែប៉ុណ្ណោះក្រសួងនឹងបន្តជំរុញការលើកលែងទិដ្ឋាការចូលសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន​ និងឥណ្ឌា បើទោះបីជាគណៈរដ្ឋមន្រ្តីបានច្រានចោលគំនិតនេះរួចមកហើយក៏ដោយ។ យ៉ាងណាមិញរដ្ឋមន្រ្តីក្រសួងទេសចរណ៍ជឿជាក់ថាគោលដៅនៃភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់ មកក្នុងប្រទេសនៅឆ្នាំនេះនឹងសម្រេចបានគោលដៅ​ ហើយភ្ញៀវទេសចរនឹងចំណាយប្រហែល ៣.៣៧ ទ្រីលានបាតក្នុងប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលពីការមកដល់របស់ភ្ញៀវទេសចរមានប្រមាណ ១២% នៃផលិតផលសរុបរបស់ថៃ ប៉ុន្តែទោះជាយ៉ាងណាក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរចូលមកប្រទេសនេះបានកើនឡើងត្រឹមតែ ១.៦% ប៉ុណ្ណោះដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន៕

អត្ថបទ៖ លីនី