ប្រទេសចិនកាលពីថ្ងៃអាទិត្យបានដាក់ពន្ធគយបន្ថែមលើការនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកចំពោះការដំឡើងពន្ធជាលើកទី៤ របស់ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន បន្ទាប់ពីអាមេរិកចាប់ផ្ដើមអនុវត្តប្រមូលពន្ធថ្មីលើទំនិញរបស់ចិនកាលពីថ្ងៃកន្លងទៅនេះ។ ការដាក់ពន្ធគយបន្ថែមរបស់ចិនលើទំនិញអាមេរិកចំនួន ៥% និង ១០% លើផលិតផលសរុបចំនួន ៥,០៧៨ មុខ ដែលមានតម្លៃ ៧៥ ពាន់លានដុល្លារ ដោយពន្ធខ្លះបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យទី១ កញ្ញាកន្លងមកនេះ ហើយនៅសេសសល់នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ។
យោងតាមការរាយការណ៍ពីបុគ្គលិកនៅការិយាល័យគយទីក្រុងប៉េកាំង និងកំពង់ផែភាគខាងត្បូងនៃខេត្តក្វាងចូវបានឲ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមគិតពន្ធខ្ពស់លើការនាំចូលរបស់អាមេរិកនៅថ្ងៃអាទិត្យម្សិលមិញនេះ ចំពោះទំនិញដូចជា ពោត សាច់ជ្រូក សំបកកង់ និងថ្មម៉ាប។ វិធានការនេះបានកើតឡើងនៅពេលដែលអាមេរិកវាយប្រហារទៅលើប្រទេសចិនកាលពីថ្ងៃអាទិត្យ ជាមួយនឹងដំណាក់កាលដំបូងនៃការប្រមូលពន្ធថ្មីដែលនឹងឃើញការនាំចូលរបស់ចិនស្ទើរតែទាំងអស់ត្រូវបានគេយកពន្ធ ដើម្បីឆ្លើយតបនឹងអ្វីដែលគេហៅថាការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ទីក្រុងប៉េកាំងរួមទាំងការលួចកម្មសិទ្ធិបញ្ញា៕

អត្ថបទ៖ លីនី


