លោក Zhang Yong អ្នកបង្កើតហាងអាហារដ៏ល្បីល្បាញរបស់ចិន “ hotpot king ” ទម្លាក់អ្នកវិនិយោគអចលនទ្រព្យ ២ រូបក្នុងនាមជាអ្នកមានបំផុតនៅសិង្ហបុរី នៅក្នុងបញ្ជី Forbes Asia
បុគ្គលជោគជ័យ August 31, 2019 Chan Sreyny

លោក Zhang Yong ម្ចាស់ហាងដ៏ល្បីល្បាញរបស់ចិន “ hotpot king ” បានទម្លាក់អ្នកវិនិយោគអចនទ្រព្យចំនួន ២ រូបក្នុងនាមជាអ្នកមានបំផុតនៅសិង្ហបុរី នេះដោយយោងតាមការចុះផ្សាយចុងក្រោយរបស់ទស្សនាវដ្ដី Forbes Asia ដោយសារតែការកើនឡើងទ្វេដងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Haidilao International Holdings ដែលធ្វើឲ្យចំនួនទ្រព្យសម្បត្តិរបស់គាត់កើនឡើង។ Zhang Yong ដែលស្ថិតនៅក្នុងបញ្ជីអ្នកមានរបស់ប្រទេសចិន បានចូលជាសញ្ជាតិពលរដ្ឋសិង្ហបុរីយ៉ាងស្របច្បាប់។

ការបង្ហាញខ្លួនលើកដំបូងរបស់គាត់ គឺនៅលំដាប់ទី១ នៃបញ្ជីអ្នកមានបំផុតនៅប្រទេសសិង្ហបុរីជំនួសតំណែងបងប្អូនអ្នកជំនួញពីររូបគឺលោក Philip និង Robert Ng ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Far East Organisation និង Sino Land របស់ហុងកុង។ បងប្អូនប្រុស Ng ដែលមានទ្រព្យសម្បត្តិរួមគ្នាប្រមាណ ១២.១ ពាន់លានដុល្លារអាមេរិក បានក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់សិង្ហបុរីជារៀងរាល់ឆ្នាំក្នុងទសវត្សនេះ ដោយយោងតាម ​​Forbes Asia ។

ប៉ុន្តែនៅក្នុងឆ្នាំនេះដោយសារតែការលក់មូលបត្រជាសាធារណៈ (IPO) លើកដំបូងរបស់ក្រុមហ៊ុន Haidilao ក្នុងទឹកប្រាក់ ៧.៦ ពាន់លានដុល្លារហុងកុងកាលពីឆ្នាំមុន បានប្រែក្លាយ Zhang Yong អាយុ ៤៨ ឆ្នាំទៅជាមហាសេដ្ឋីដោយទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ស្មានដោយទស្សនាវដ្តី Forbes ក្នុងចំនួន ១៣.៨ ពាន់លានដុល្លារអាមេរិក។ ភាគហ៊ុននេះបានកើនឡើងទ្វេដងចាប់តាំងពីការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) កាលពីខែកញ្ញាកន្លងមក ដែលផ្តល់ឲ្យក្រុមហ៊ុនមានមូលធននីយកម្មនៅទីក្រុងប៉េកាំងចំនួន ១៩៩ ពាន់លានដុល្លារហុងកុង (២៥ ពាន់លានដុល្លារ) ច្រើនជាងតម្លៃទ្វេដងនៃទ្រព្យសម្បត្តិរបស់បងប្អូន Ng៕

អត្ថបទ៖ លីនី