កម្ពុជារៀបចំវេទិកាធុរកិច្ចជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ
សេដ្ឋកិច្ច August 31, 2019 Chan Sreyny

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មដឹកនាំដោយឯកឧត្តម សំ សិរីរតន៍ បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ចិន ក្នុងគោលបំណងផ្សព្វផ្សយអំពីសក្ដានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅក្នុងប្រទេសកម្ពុជា ដល់តំណាងក្រុមហ៊ុនចំនួន ១៣០ ដែលអញ្ជើញមកពីខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបានប្រកាសស្វាគមន៍ និងបានអំពាវនាវឱ្យធុរជន និងវិនិយោគិនចិន នៃខេត្តក្វាងទុង ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដោយឯកឧត្តម បានគូសបញ្ជាក់ថា៖ «កម្ពុជា គឺជាប្រទេសបើកចំហរ សម្បូរទៅដោយកម្លាំងពលកម្មវ័យក្មេង និងមានការគាំពារវិនិយោគប្រសើរបំផុត! លោកអ្នកនឹងទទួលបានប្រាក់ចំណេញខ្ពស់ពីការវិនិយោគ លើផ្នែកកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសុខាភិបាល ព្រោះវិស័យទាំងអស់នេះ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល » ។

បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ពីលក្ខណៈពិសេស នៃគោលនយោបាយវិនិយោគរបស់កម្ពុជា ការលើកទឹកចិត្តផ្សេងៗរបស់រាជដ្ឋាភិបាលចំពោះវិនិយោគិនបរទេស ព្រមទាំងសភាពការវិវត្តន៍ថ្មីៗ ជាពិសេសការដាក់ចេញនូវកំណែទម្រង់ និងវិធានការមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។ ហើយតាមរយៈវេទិកាដ៏សំខាន់នេះ គេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន កើនឡើងថែមទៀត ខណៈដែលការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ៦,៤៥៧ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ គឺបានកើនឡើងជាង ១៥% បើធៀបនឹងឆ្នាំ២០១៧៕