ក្រុមហ៊ុនថាមពលយក្សរបស់ភីលីពីនចាយប្រាក់ ៤៦ លានដុល្លារ ទិញរោងចក្រថាមពលខ្យល់ពីវៀតណាម
សេដ្ឋកិច្ច August 31, 2019 Chan Sreyny

ក្រុមហ៊ុនថាមពលយក្សហ្វីលីពីន AboitizPower បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីទិញរោងចក្រថាមពលខ្យល់ Mekong Wind Pte. Ltd នៅប្រទេសវៀតណាមក្នុងតម្លៃ ៤៦ លានដុល្លារ។ ដោយ Mekong Wind Pte.Ltd គឺជាក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលនិធិថាមពលស្អាតអាមេរិក-អាស៊ីអាគ្នេយ៍មានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលកាន់កាប់ភាគហ៊ុន ៩៩.៩៩% នៃក្រុមហ៊ុន Dam Nai Wind Power JSC ជាកម្មសិទ្ធ និងប្រតិបត្តិការ រោងចក្រថាមពលខ្យល់នៅលើឆ្នេរសមុទ្រ ៣៩.៤ មេហ្គាវ៉ាត់នៅខេត្ត Ninh Thuan ។

យោងតាមក្រុមហ៊ុនយក្សហ្វីលីពីន AboitizPower បានឲ្យដឹងថា ខេត្ត Ninh Thuan ស្ថិតក្នុងចំណោមទីតាំងទាក់ទាញបំផុតសម្រាប់ថាមពលខ្យល់នៅប្រទេសវៀតណាម។ ដោយរោងចក្រ Dam Nai Wind គឺជាគំរោងខ្យល់ដំបូងគេមួយនៅប្រទេសវៀតណាមដែលចាប់ផ្ដើមប្រតិបត្តិការនៅចុងឆ្នាំ ២០១៧ ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង។ បន្ថែមពីនេះទៅទៀតលោក Emmanuel Rubio ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនបានបង្ហាញពីក្ដីរំភើបចំពោះឱកាសនេះ ដោយការទិញរោងចក្រថាមពលខ្យល់ពីវៀតណាម មិនត្រឹមតែពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្រៅពីប្រទេសភីលីពីនប៉ុណ្ណោះទេ ថែមទាំងនាំយកបទពិសោធន៍របស់ក្រុមហ៊ុននៅក្នុងវិស័យថាមពលអគ្គិសនី ជាពិសេសនក្នុងវិស័យថាមពលកកើតឡើងវិញទៅកាន់ប្រទេសវៀតណាមផងដែរ។

យ៉ាងណាមិញរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ FiinGroup បានឲ្យដឹងថាគិតត្រឹមឆ្នាំ ២០១៨ នេះថាមពលកកើតឡើងវិញរបស់ប្រទេសវៀតណាមមានកម្លាំង ១៨៩,២ មេហ្គាវ៉ាត់។ ដោយវៀតណាមមានគោលបំណងបង្កើនចំនួននេះរហូតដល់ ៨០០ មេហ្គាវ៉ាត់ ឬ ០.៨% នៃការផលិតអគ្គិសនីជាតិនៅឆ្នាំ ២០២០ នេះបើយោងតាមផែនការមេអភិវឌ្ឍន៍ថាមពលជាតិរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០១១-២០២០ ដែលមានចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០ ៕

អត្ថបទ៖ លីនី