សេដ្ឋកិច្ចប្រេស៊ីល ស្ទុះងើបឡើងវិញនៅត្រីមាសទី២​ ដោយបញ្ជៀសប្រទេសនេះពីការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ច
សេដ្ឋកិច្ច August 31, 2019 Chan Sreyny

សេដ្ឋកិច្ចរបស់ប្រេស៊ីលដែលធំជាងគេនៅអាមេរិកឡាទីនបានស្ទុះងើបឡើងវិញនៅត្រីមាសទី២ ដោយបញ្ចៀសការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះបើយោងតាមតួលេខដែលចេញផ្សាយដោយវិទ្យាស្ថានភូមិសាស្ត្រ និងស្ថិតិប្រេស៊ីល (IBGE) កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារស្ថិតិបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលបានកើនឡើង ០.៤ % ពីត្រីមាសមុននិង ១ % ពីមួយឆ្នាំមុន ខណៈដែលនៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចបានធ្លាក់ចុះ ០.១ %។

ចំពោះលទ្ធផលនេះបានរារាំងប្រេស៊ីលមិនឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដែលកើតឡើងនៅពេលដែលកំណើនផលិតផលក្នុងស្រុក ( GDP) និងសូចនាករប្រចាំខែដូចជាការងារមានភាពវិជ្ជមាន។ ជាមួយគ្នានេះតួលេខបានបង្ហាញថានៅក្នុងត្រីមាសទី២ វិស័យកសិកម្មរបស់ប្រទេសប្រេស៊ីលបានចុះបញ្ជីការធ្លាក់ចុះ ០.៤% ខណៈដែលវិស័យឧស្សាហកម្ម និងសេវាកម្មបានទូទាត់ការធ្លាក់ចុះដែលបានកើនឡើង ០.៧ និង ០.៣% បើប្រៀបធៀបទៅនឹងត្រីមាសទី១ ។

ដោយឡែកការវិនិយោគបានកើនឡើង ៣.២% ពីត្រីមាសទីមួយ និង ៥.២% ធៀបនឹងឆ្នាំមុន ក៏ដូចជាការប្រើប្រាស់ក្នុងគ្រួសារកើនឡើង ០.៣% ពីត្រីមាសមុន និង ១.៦% ធៀបនឹងឆ្នាំមុនផងដែរ។ ទន្ទឹមនឹងនេះការចំណាយរបស់រដ្ឋាភិបាលបានធ្លាក់ចុះ ១% ពីត្រីមាសទី១ និង ០.៧% ធៀបនឹងឆ្នាំមុន។ បើទោះបីជាការនាំចេញបានធ្លាក់ចុះ ១.៦% ពីត្រីមាសទី១ តែការនាំចូលបានកើនឡើង ១% ហើយបើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៨ ការនាំចេញបានកើនឡើង ១.៨% និងការនាំចូលកើនឡើង ៤.៧%​។

គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចប្រេស៊ីលនៅតែទទួលរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ នៅពេលដែលផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា។ ហើយនៅឆ្នាំនេះទីផ្សារហិរញ្ញវត្ថុព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប ០.៨% ភាគរយសម្រាប់សេដ្ឋកិច្ចប្រេស៊ីល ខណៈដែលរដ្ឋាភិបាលប៉ាន់ស្មានថាមានកំណើន ០.៨១% ផងដែរ៕

អត្ថបទ៖ លីនី