នាយកប្រតិបត្តិ Alibaba និយាយថា៖ « នៅយុគ្គសម័យ AI មនុស្សនឹងមានពេលវេលាច្រើន ដើម្បីរីករាយនឹងភាពជាមនុស្សពិតប្រាកដ »
បុគ្គលជោគជ័យ August 30, 2019 Chan Sreyny

jack Ma ដែលជានិមត្តរូបនៃយុគ្គសម័យអ៉ីនធឺណេតរបស់ប្រទេសចិនបានបង្ហាញនូវគំនិតដ៏ល្អមួយនៃការមកដល់នៃបញ្ញាសិប្បនិម្មិត (AI) ដោយនិយាយថា៖ ” ម៉ាស៊ីនវ័យឆ្លាត នឹងអនុញ្ញាតឲ្យមនុស្សរីករាយនឹងជីវិតកាន់តែប្រសើរឡើង “។ លោក Ma បានលើកឡើងដូច្នេះនៅក្នុងការសន្ទនាគ្នារវាងគាត់ ជាមួយលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Tesla នៅឯពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) ឆ្នាំ ២០១៩ នៅទីក្រុងសៀងហៃប្រទេសចិន។

លោក Ma បានធ្វើការជំទាស់ចំពោះទស្សនៈមួយដែលលើកឡើងថាវិស័យរបស់ AI ដែលកំពុងតែរីករាលដាលក្នុងការលួចការងារមនុស្ស និងបង្កឲ្យមានការបញ្ឈប់ការងារជាច្រើន ដែលជាហេតុធ្វើឲ្យកង្វះការងារនាពេលអនាគត។ ដោយគាត់បានអះអាងក្នុងន័យប្រៀបធៀបថា៖ “ការបង្កើត និងច្នៃប្រឌិតអគ្គីសនីបានផ្ដល់ពេលវេលាកំសាន្តច្រើនជាងមុន ដូច្នេះអ្នកអាចទៅពិធីជប់លៀងរាំលេងនៅពេលល្ងាច។ ដូចគ្នានេះលោកជឿជាក់ថាបច្ចេកវិទ្យា AI ដែលមានថាមពលកាន់ច្រើននឹងផ្ដល់ឲ្យមនុស្សនូវពេលវេលាកាន់តែច្រើនដើម្បរីករាយនឹងការធ្វើជាមនុស្ស ” ។

បន្ថែមពីនេះលោកបានបន្តថា​ ” ខ្ញុំគិតថាមនុស្សគួរតែធ្វើការបីថ្ងៃក្នុងមួយសប្តាហ៍ និងបួនម៉ោងក្នុងមួយថ្ងៃ ហើយខ្ញុំគិតថាយើងនឹងមិនត្រូវការការងារច្រើនទេនៅគ្រានោះ។ ការងារដែលយើងត្រូវការ គឺធ្វើឲ្យមនុស្សរីករាយ ជួយពួកគេទទួលបានបទពិសោធន៍ និងរីករាយក្នុងការធ្វើជាមនុស្ស “។ ទន្ទឹមនឹងនេះដែរការងារជាច្រើននឹងត្រូវការ AI ជាជាងមនុស្សដើម្បីធ្វើការ ជាពិសេសនៅពេលដែលផ្នែកវិទ្យាសាស្រ្តមានភាពជឿនលឿន ជីវិតនឹងអាចរស់នៅដល់អាយុជាង ១០០ ឆ្នាំ ហើយមនុស្សវ័យឆ្លាតនឹងចាប់យកការងារដែលហត់នឿយនេះក្នុងការថែទាំមនុស្សចាស់។

យ៉ាងណាមិញ Jack Ma ក៏បាននិយាយផងដែរថាការព្រួយបារម្ភចម្បងរបស់គាត់ គឺការអប់រំនៅថ្ងៃនេះដែលត្រូវបានរចនាឡើងសម្រាប់រយៈពេលឧស្សាហកម្ម ដោយគាត់បាននិយាយថា៖ “ យើងត្រូវផ្លាស់ប្តូររបៀបដែលយើងអប់រំ និងបង្រៀនកូនៗ របស់យើងឲ្យមានភាពច្នៃប្រឌិតនិងកាន់តែមានប្រយោជន៍ “។ ខណៈពេលដែលលោក Elon Musk បានផ្ដល់អនុសាសន៍ឲ្យមានការសិក្សាផ្នែកវិស្វកម្ម រូបវិទ្យា និងអន្តរកម្មមនុស្សនៅក្នុងយុគសម័យ AI ដោយគាត់បានលើកឡើងថា ៖ ” ការកើនឡើងនៃ AI នឹងធ្វើឲ្យការងារគ្មានន័យ “៕

អត្ថបទ៖ លីនី