ចង់ដឹងទេ? មុនពេល KFC ត្រូវបានបង្កើតឡើងស្ដេចមាន់បំពង Colonel Sanders ជួបរឿងអ្វីខ្លះនៅក្នុងជីវិត
គំនិតអប់រំ August 30, 2019 Chan Sreyny

លោក Colonel Harland Sanders កើតនៅឆ្នាំ ១៨៩០ នៅពេលដែលមានអាយុ ៥ ឆ្នាំ​ឪពុករបស់គាត់បានស្លាប់ ម្ដាយរបស់គាត់ដែលដែលជាស្រ្តីមេផ្ទះត្រូវចេញទៅរកស៊ី ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ដោយ Sanders មានតួនាទីត្រូវមើលថែប្អូន។ គាត់បានមើលថែប្អូន និង ចម្អិនអាហារសម្រាប់ពួកគេ រហូតនៅអាយុ ៧ ឆ្នាំជំនាញរបស់គាត់ក្នុងការចម្អិនអាហារកាន់តែល្អ។ នៅអាយុ ១០ ឆ្នាំគាត់ចាប់ផ្ដើមធ្វើការនៅក្នុងកសិដ្នានក្នុងស្រុកមួយ មិនយូរប៉ុន្មានម្ដាយរបស់គាត់បានរៀបការម្ដងទៀត ប៉ុន្តែដោយសារតែ Sanders មានសូវចុះសម្រុងជាមួយឪពុកចុង គាត់ក៏បានបញ្ចប់ការសិក្សានៅថ្នាក់ទី ៧ ហើយចាកចេញពីផ្ទះទៅរស់នៅម្នាក់ឯង។

នៅអាយុ ១៤ ឆ្នាំគាត់ទទួលបានការងារជាជាងគំនូរ ហើយបន្ទាប់មកបានផ្លាស់ទៅរស់នៅរដ្ឋ indiana ធ្វើជាកម្មករនៅកសិដ្ឋានអស់រយៈពេល ២ ឆ្នាំ រហូតដល់អាយុ ១៦ ឆ្នាំគាត់បានក្លែងបន្លំថ្ងៃខែកំណើត ដោយប្ដេជ្ញាចូលធ្វើជាអ្នកដឹកជញ្ជូននៅក្នុងប្រទេសគុយបា។ នៅអាយុ ១៩ ឆ្នាំគាត់បានជួបនឹង Josephine នៅពេលដែលគាត់ធ្វើជាកម្មករនៅលើផ្លូវដែក មិនយូរប៉ុន្មានគាត់បានរៀការជាមួយនាងហើយបង្កើតបានកូន ៣ នាក់ (ប្រុស ១ ស្រី ២ )​ ប៉ុន្តែកូនប្រុសរបស់គាត់បានស្លាប់ទាំងក្មេងវ័យ។ ក្នុងពេលដដែលនោះ គាត់ទទួលបានការងារជាអ្នកឆែកសំបុត្រនៅ Illinoise ប៉ុន្តែមិនបានប៉ុន្មានគាត់ត្រូវបាត់បង់ការងារនោះដោយសារតែមានជម្លោះជាមួយមិត្តរួមការងារ ខណៈនោះប្រពន្ធរបស់គាត់បានចុះចោលគាត់ ដោយផ្លាស់ទៅរស់នៅជាមួយឪពុកម្ដាយរបស់នាងជាមួយកូនៗ។

ដោយសារតែធ្លាប់បានសិក្សាផ្នែកច្បាប់ បន្ទាប់ពីបាត់បង់ការងារ Sanders បានចាប់ផ្ដើមអាជីពធ្វើជាមេធាវី ប៉ុន្តែសូម្បីតែការងារផ្នែកច្បាប់របស់គាត់ក៏ត្រូវបាត់បង់ដែរ ដោយតែគាត់បានវាយទៅលើកូនក្ដីរបស់គាត់​។ បន្ទាប់មកគាត់បានផ្លាស់ទៅរស់នៅជាមួយម្ដាយរបស់គាត់ម្ដងទៀត នៅទីនោះគាត់បានចាប់ផ្ដើមការងារថ្មីធ្វើជាអ្នកលក់ធានារ៉ាប់រង តែទីបំផុតក៏ត្រូវគេបញ្ឈប់​។ នៅអាយុ ៣០ ឆ្នាំគាត់បានបើកក្រុមហ៊ុនដឹកជញ្ជូន (សាឡាងឆ្លងដ) ក៏ទទួលបានជោគជ័យ​ លុះបើកបាន ៣​ ឆ្នាំគាត់បានលក់ភាគហ៊ុនក្រុមហ៊ុនទាំងអស់របស់គាត់ក្នុងតម្លៃ ២២,០០០ ដុល្លារ ហើយប្រើលុយទាំងអស់នោះបង្កើតក្រុមហ៊ុនផលិតអំពូលភ្លើង ប៉ុន្តែសូម្បីតែបណ្ដាក់ទុននេះក៏បរាជ័យ។ បន្ទាប់មកទៀតគាត់បានផ្លាស់ទៅរស់នៅក្រុង Winchester រដ្ឋ Kentucky ដើម្បីធ្វើជាអ្នកលក់ មិនយូរប៉ុន្មានគាត់ក៏បាត់បង់ការងារទៀត។

នៅឆ្នាំ ១៩៣០ Sanders បានចាប់ផ្ដើមដាក់លក់សាច់មាន់បំពង និងអាហារផ្សេងៗទៀត នៅស្ថានីយមួយកន្លែង ក្រោយមកប្រជាប្រិយភាពហាងរបស់គាត់ចាប់ផ្ដើមកើនឡើងបន្តិចម្ដងៗ រហូតល្បីសុះសាយទូទាំងរដ្ឋ Kentucky។ អាជីវកម្មរបស់គាត់ត្រូវបានគេហោថា ” kentucky fried Chicken of Harland Sanders ” ដោយអតិថិជនទាំងអស់របស់គាត់ចូលចិត្តរសជាតិអាហាររបស់គាត់ដែលផ្សំពីគ្រឿងទេសផ្សេងៗគ្នាចំនួន ១១ មុខ ពេលនោះជីវិតរបស់គាត់ក៏ចាប់ផ្ដើមប្រសើរឡើង។ ក្រោយមកគាត់បានទិញ ម៉ូតែល និងហាងកាហ្វេ ដើម្បីដំណើរម្រើសេវាកម្មមាន់បំពងរបស់គាត់នៅ Corbin ដែលជាទីក្រុងមួយនៅរដ្ឋ Kentucky។ នៅឆ្នាំ ១៩៤៧ គាត់បានលែងលះជាមួយប្រពន្ធដើមរបស់គាត់ ហើយមកដល់ឆ្នាំ ១៩៤៩ គាត់បានរៀបការជាមួយ Claudia ។

នៅឆ្នាំ ១៩៥២​ Sanders ចាប់ផ្ដើមបង្កើតឈ្មោះយីហោហាង ” kentucky fried Chicken of Harland Sanders ” របស់គាត់ជាផ្លូវការ។ ប្រជាប្រិយភាពចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងការលក់ម្ហូបអាហារ ហើយប្រាក់ចំណូលក៏កាន់តែកើនឡើង ប៉ុន្តែជីវិតរបស់គាត់ត្រូវបានធ្លាក់ចុះម្ដងទៀត ដោយសារតែហេតុផលមួយចំនួនការលក់របស់គាត់ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង Sanders ក៏ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ ដើម្បីសងបំណុល។ នៅពេលមានអាយុ ៦៥ ឆ្នាំគាត់បានធ្លាក់ខ្លួន និងចូលនិវត្តន៍ដោយទទួលថវិកា ១០៥ ដុល្លារពីរដ្ឋាភិបាល។ នៅពេលនោះគាត់ចាប់ផ្ដើមគិតពីដំណើរជីវិតជាច្រើនរបស់គាត់ឡើងវិញ ការគិតក៏បានបង្ហាញគំនិតដ៏ល្អមួយ ដោយការលក់រូបមន្តរបស់គាត់ទៅភោជនីយដ្ឋានផ្សេងទៀត។

គាត់បានដើរស្វែងរកដៃគូ និងបង្ហាញពីរូបមន្តធ្វើអាហាររបស់គាត់នៅភោជនីយដ្ឋានទូទាំងអាមេរិក ដោយចំណាយពេលយ៉ាងយូរ ដើម្បីស្វែងរកអតិថិជនដំបូងរបស់គាត់ បើទោះបីជាគាត់ធ្លាប់ទទួលបានភាពល្បីល្បាញក៏ដោយ។ បន្ទាប់ពីការតស៊ូអស់រយៈពេល ៤ ឆ្នាំ KFC ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយបានចុះកិច្ចព្រមព្រៀងមួយដែលមានទឹកប្រាក់សរុបប្រមាណ ៣.៥ លានដុល្លារ៕

តម្លៃអប់រំ៖ កុំបោះបង់ចោល! រក្សាភាពវិជ្ជមាន និងការស្រេកឃ្លានចង់បាន អាចឲ្យយើងឆ្លងកាត់ការលំបាកនៅក្នុងជីវិតហើយចាប់ផ្ដើមម្ដងទៀត។ មិនថាជិវិតស្ថិតក្នុងស្ថានភាពបែបណា ឬ តែងតែបរាជ័យម្ដងហើយម្ដងទៀត យើងមិនគួរបាត់បង់ក្ដីសង្ឃឹមឡើយ៕

អត្ថបទ៖ លីនី