ឥណ្ឌូនេស៊ី នឹងធ្វើទំនើបកម្មនៅក្នុងទីក្រុងចាកាតា ដើម្បីសង្រ្គោះពីការលិចលង់ដោយចំណាយប្រាក់ប្រមាណ ៤០ ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច August 30, 2019 Chan Sreyny

យោងតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍជាតិលោក Bambang Brodjonegoro បានឲ្យដឹងថារដ្ឋាភិបាលឥណ្ឌនេស៊ីសន្យានឹងចំណាយថវិកាចំនួន ៤០ ពាន់លានដុល្លារដើម្បីជួយសង្គ្រោះទីក្រុង ចាកាតាដែលកំពុងលិចលង់បន្តិចម្តងៗ នៅទសវត្សរ៍ក្រោយ។ ការធ្វើវិនិយោគរបស់ឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ននេះនឹងមានចំនួន ៥៧១ ពាន់ពាន់លានរូពៀ (៤០.១៨ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលជាចំនួនច្រើនជាងក្នុងការកសាងទីក្រុងថ្មីនៅលើកោះ Borneo ដែលរំពឹងថានឹងចំណាយអស់ ៣៣ ពាន់លានដុល្លារ។

ទីក្រុងចាកាតា គឺជាមជ្ឈមណ្ឌលនៃអ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេសឥណ្ឌូនេស៊ី អ្វីដែលប្រទេសកំពុងផ្លាស់ប្តូរចេញ គឺជាមជ្ឈមណ្ឌលរដ្ឋបាល ប៉ុន្តែមជ្ឈមណ្ឌលហិរញ្ញវត្ថុ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពាណិជ្ជកម្មនឹងស្ថិតនៅក្នុងទីក្រុងដដែល ដូច្នេះហើយទើបរដ្ឋាភិបាលត្រូវធ្វើទំនើបកម្មនៅក្នុងទីក្រុងនេះ។

ជាមួយគ្នានេះដែរដើម្បីស្រោចស្រង់ទីក្រុងដែលកំពុងជួបប្រទះនឹងបញ្ហា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងពង្រីកបណ្ដាញទឹកសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងទាំងអស់ ដើម្បីកុំឲ្យប្រជាជនពឹងផ្អែកលើទឹកក្រោមដីដើម្បីប្រើប្រាស់ ដោយកន្លងមកហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទឹកមានតែ ៦០% ប៉ុណ្ណោះនៅក្នុងទីក្រុង។ មូលហេតុនេះហើយដែលបង្ខំឲ្យប្រជាជន និងអាជីវកម្មរាប់លានជីកអណ្តូងទឹកក្រោមដីសម្រាប់ប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងធ្វើឲ្យទីក្រុងងាយនឹងជន់លិចដោយសារភាពអាស្រ័យនេះ។

បន្ថែមពីនេះរដ្ឋាភិបាលនឹងសាងសង់ប្រព័ន្ធលូថ្មីមួយ ជាមួយនឹងការចំណាយដ៏ធំបំផុតសម្រាប់ការដឹកជញ្ជូនធំៗ ដោយសារតែទីក្រុងចាកាតាមានការការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅលើពិភពលោក។ លើសពីនេះការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាននារដូវប្រាំង និងការពឹងផ្អែករបស់ទីក្រុងលើរោងចក្រថាមពលធ្យូងថ្ម បានធ្វើឲ្យទីក្រុងហ្សាការតាស្ថិតក្នុងចំណោមទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោកផងដែរ៕

អត្ថបទ៖ លីនី