ប្រទេសថៃនឹងចំណាយប្រាក់ជាង ១ ពាន់លានដុល្លារ ដើម្បីរក្សាតម្លៃអង្ករ និងប្រេងដូងដែលកំពុងជួបប្រទះបញ្ហាប្រឈម
សេដ្ឋកិច្ច August 30, 2019 Chan Sreyny

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានឯកភាពលើកញ្ចប់ថវិកាដែលមានតម្លៃ ៣៤.៨ ពាន់លានបាត (ជាង ១ ពាន់លានដុល្លារ) ដើម្បីរក្សាតម្លៃស្រូវ និងដូងប្រេងក្នុងកម្រិតសមស្របសម្រាប់កសិករ ខណៈពេលដែលផលិផលកសិកម្មទាំងពីរនេះកំពុងជួបប្រទះនឹងបញ្ហាប្រឈម។ អ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា គម្រោងរក្សាតម្លៃស្រូវដែលមានតម្លៃ ២១.៥ ពាន់លានបាតនឹងត្រូវផ្ដល់សម្រាប់កសិករធ្វើស្រែចំនួន ៨៩២,០០០ គ្រួសារ ដោយឡែកនៅសល់ ១៣.៣ ពាន់លានបាតនឹងត្រូវផ្តល់សម្រាប់កសិករ ៣០០.០០០ នាក់ផ្សេងទៀតដែលធ្វើកសិកម្មប្រេងដូង។

យ៉ាងណាមិញថវិការសម្រាប់ការដាំដុះប្រេងដូង និងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីពេលនេះរហូតដល់ខែកញ្ញា ឆ្នាំ២០២០ ស្របពេលដែលគ្រោងការណ៍រក្សាតម្លៃស្រូវនឹងត្រូវអនុវត្តរយៈពេលមួយឆ្នាំដោយចាប់ផ្ដើមពីខែតុលានេះទៅផងដែរ។ ទន្ទឹមនឹងនេះការរក្សាតម្លៃស្រូវនឹងអនុវត្តទៅលើស្រូវ ៥ ប្រភេទរួមមាន៖ ស្រូវរដូវវស្សា , ស្រូវដំណើប ,ស្រូវហមម៉ាលី ,ស្រូវក្រអូបនៅតាមខេត្ត និងស្រូវក្រអូបនៅក្នុងតំបន់ Pathum Thani។ លើសពីនេះរដ្ឋាភិបាលថៃក៏បានអនុម័តថវិកាចំនួន ២៥.៨ ពាន់លានបាតដើម្បីឧបត្ថម្ភធនថ្លៃដើមផលិតកម្មសម្រាប់គ្រួសារធ្វើស្រែចំនួន ៤.៣ លាននាក់ផងដែរ៕

អត្ថបទ៖ លីនី