មិនមែនលំៗទេ​! ជប៉ុនចាប់ដៃគ្នាជាមួយចិនបង្កើតរោចក្រផលិតសម្ភារៈអាគុយតម្លៃ ៧០ លានដុល្លារ សម្រាប់ការកើនឡើងនៃទីផ្សាររថយន្តដើរដោយថាមពល
សេដ្ឋកិច្ច August 29, 2019 Chan Sreyny

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយដែលបានរាយការណ៍កាលពីថ្ងៃពុធបានឲ្យដឹងថា ជប៉ុននឹងសហការជាមួយចិនដើម្បីបង្កើតរោងចក្រផលិតសម្ភារៈអាគុយមួយនៅក្នុងប្រទេសចិនដែលជាទីផ្សាររថយន្ដដើរដោយថាមពលអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២០ ដោយចំណាយទឹកប្រាក់ពីការវិនិយោគរួមគ្នា ៥០០ លានយ័ន (ប្រហែល ៧០ លានដុល្លារអាមេរិក) ។ រោងចក្រថ្មីដែលត្រូវបង្កើតឡើងនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន JFE Chemical Corp ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JFE Steel Corp និងក្រុមហ៊ុនចិនចំនួនពីរ​។

នៅក្នុងសេចក្ដីថ្លែងការណ៍ក្រុមហ៊ុន JFE Chemical Corp. នឹងទទួលបានភាគហ៊ុន ៤០% នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា គឺក្រុមហ៊ុន Wuhai Baojie New Energy Material Co. ដែលនឹងត្រូវបានដាក់ទុនក្នុងទឹកប្រាក់ ២៦០ លានយ័ន (៣៦ លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុន Baowu Carbon Material & Technology Co. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Baoshan Iron & Steel Co. ទទួលបាន ៥១%។ ដោយឡែកភាគហ៊ុនដែលនៅសល់នឹងត្រូវកាន់កាប់ដោយក្រុមហ៊ុនក្នុងស្រុក Tianhe Carbon Corp។

ដោយសារតែនៅក្នុងទីក្រុងការចំណាយទៅលើអគ្គិសនីមានតម្លៃទាប រោងចក្រថ្មីនេះនឹងត្រូវបានសាងសង់នៅជាប់រោងចក្រ Baowu នៅភាគខាងជើងប្រទេស ដោយបន្ទាប់ពីបញ្ចប់ការសាងសង់ ទិន្នផលដំបូងត្រូវបានគេរំពឹងថានឹងអាចផលិតបានប្រហែល ១០,០០០ តោន។ ចំនែកឯផលិតផលដែលផលិតបាននឹងត្រូវបានផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតរថយន្តបរទេស និងក្រុមហ៊ុនចិនដែលផ្គត់ផ្គង់អាគុយដល់ក្រុមហ៊ុន​ផលិតរថយន្តក្នុងតំបន់នៅក្នុងទីផ្សារក្នុងស្រុកផងដែរ។ គួរបញ្ជាក់ផងដែរថាប្រទេសចិនបានក្លាយជាទីផ្សាររថយន្តដើរដោយថាមពលអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដោយសារតែការលក់បានកើនឡើងដល់ ១ លានគ្រឿងក្នុងឆ្នាំ ២០១៨ ហើយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក៏បានព្យាករណ៍ផងដែរថាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកនឹងដាក់លក់បានជិត ៦០% នៃការលក់រថយន្តដើរដោយថាមពលអគ្គិសនីទូទាំងពិភពលោកនៅទសវត្សរ៍ខាងមុខ៕

អត្ថបទ៖ លីនី