Lionel Messi មានដើមកំណើតនៅប្រទេសអាហ្សង់ទីន ដែលបានបង្កើតកំណត់ត្រាសម្រាប់ការស៊ុតបាល់បញ្ចូលទី និងឈ្នះពានរង្វាន់បុគ្គលក្នុងដំណើរឆ្ពោះទៅរកការទទួលស្គាល់ទូទាំងពិភពលោកថាជាកីឡាករល្អបំផុតម្នាក់ក្នុងវិស័យបាល់ទាត់។ Messi ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ឆ្នើមម្នាក់គ្រប់ពេលក្នុងការប្រកួត គាត់បានឈ្នះពានរង្វាន់ជាច្រើនក្នុងពេលកន្លងមកដែលបង្ហាញថាគាត់ជាកីឡាករដែលល្អ និងជោគជ័យបំផុត។
ដូចមនុស្សអស្ចារ្យភាគច្រើនដែរ ភាពជោគជ័យគួរឱ្យកត់សម្គាល់របស់ Lionel Messi មិនបានមកពីសំណាងល្អ ឬ បទ្ទវហេតុនោះទេ។ តាមពិតគាត់បានខិតខំប្រែងយ៉ាងខ្លាំង និងជំនះរាល់គ្រប់ឧបសគ្គនៅលើវិថីជីវិត ដើម្បីសម្រេចបានគោលដៅរបស់គាត់ដោយតែងតែផ្ដល់នូវពាក្យជំរុញទឹកចិត្តសម្រាប់ខ្លួនឯងថា៖ « តស៊ូដើម្បីអ្វីដែលអ្នកចង់បាន ឬ ដើម្បីសម្រេចក្ដីសុបិន្តអ្នកត្រូវតស៊ូ លះបង់ ហើយប្រឹងប្រែងដើម្បីវា »។
ជាការពិតណាស់ប្រសិនបើអ្នកមានក្តីសុបិន្តអ្នកត្រូវតែខិតខំដើម្បីសម្រេចវា ព្រោះភាពជោគជ័យនឹងមិនបានមកដោយងាយស្រួលទេ វាមានតម្លៃដែលតម្រូវឲ្យអ្នកត្រូវចំណាយ ហើយអ្នកត្រូវមានឆន្ទៈក្នុងការចំណាយដើម្បីភាពជោគជ័យ។ មនុស្សភាគច្រើនមិនទទួលបានជោគជ័យទេ ព្រោះពួកគេមិនមានឆន្ទៈធ្វើអ្វីដែលត្រូវធ្វើដើម្បីទទួលបានលទ្ធផលដ៏អស្ចារ្យ៕


អត្ថបទ៖ លីនី


