នៅយប់មួយនិស្សិត ៤ នាក់បានចេញទៅជប់លៀងនៅខាងក្រៅ ហើយមិនបានមើលមេរៀនសម្រាប់ការធ្វើតេស្តដែលគ្រូរបស់ពួកគេបានកំណត់ទុកនៅថ្ងៃបន្ទាប់នោះទេ។ លុះព្រឹកឡើងពួកគេបាននាំគ្នារៀបចំផែនការដើម្បីកុហកព្រឹទ្ធបុរស ដោយធ្វើឲ្យខ្លួន និងសម្លៀកបំពាក់របស់ពួកគេប្រលាក់ប្រឡូក បន្ទាប់មកបាននាំគ្នាទៅរកព្រឹទ្ធបុរសហើយនិយាយថាកាលពីយប់មិញពួកគេបានទៅចូលរួមពិធីមង្គលការ ហើយនៅតាមផ្លូវកង់ឡានក៏បានផ្ទុះ ពួកគេត្រូវរុញឡានរហូតមកដល់ផ្ទះ ដូចនេះពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើតេស្តនេះទេ។
ព្រឹទ្ធបុរសបានគិតមួយនាទីហើយនិយាយថាពួកគេអាចធ្វើតេស្តឡើងវិញនៅ ៣ ថ្ងៃទៀតបាន សិស្សទាំងបួនត្រេកអរណាស់ ហើយអរគុណដល់ព្រឹទ្ធបុរសដោយសន្យាថានឹងត្រៀមខ្លួនឲ្យរួចជាស្រេចនៅថ្ងៃធ្វើតេស្ត។ ចូលមកដល់ថ្ងៃធ្វើតេស្តពួកគេទាំងបួនបានបង្ហាញខ្លួននៅមុខព្រឹទ្ធបុរស ដោយព្រឹទ្ធបុរសបាននិយាយថានេះជាការធ្វើតេស្តលក្ខខ័ណ្ឌពិសេស ពួកគេទាំងបួនត្រូវអង្គុយរៀននៅថ្នាក់រៀនដាច់ដោយឡែកពីគ្នាសម្រាប់ការធ្វើតេស្ត។
ពួកគេទាំងបួនបានយល់ព្រមយ៉ាងមានទំនុកចិត្ត ដូចដែលបានត្រៀមខ្លួនយ៉ាងល្អក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។ នៅក្នុងការធ្វើតេស្តមានតែពីរសំណួរប៉ុណ្ណោះ ដែលមានពិន្ទុសរុប ១០០ ពិន្ទុ៖
១) ឈ្មោះរបស់អ្នក……….( ១ពិន្ទុ )
២) តើសំបកកង់មួយណាផ្ទុះ?………( ៩៩ពិន្ទុ )
ជម្រើស៖ (ក).ខាងមុខផ្នែកខាងឆ្វេង (ខ).ខាងមុខផ្នែកខាងស្ដាំ (គ).ខាងក្រោយផ្នែកខាងស្ដាំ (ឃ).ខាងក្រោយផ្នែកខាងឆ្វេង។
តម្លៃអប់រំ៖ ត្រូវមានទំនួលខុសត្រូវទៅលើអ្វីដែលអ្នកត្រូវធ្វើ ព្រោះការគេចវេស ឬ ពន្យាពេលមិនដែលផ្ដល់លទ្ធផលល្អសម្រាប់អ្នកនោះទេ ដូច្នេះកុំធ្វើខ្លួនឲ្យអស់តម្លៃដោយសារតែការខ្វះទំនួលខុសត្រូវរបស់អ្នក៕
អត្ថបទ៖ លីនី


