ការនាំចេញរបស់ប្រទេសថៃនឹងជួបប្រទះនូវការធ្លាក់ចុះដ៏ធំបំផុត នៅត្រីមាសទី៣ នេះដោយសារតែភាពតានតឹងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន និងការផ្លាស់ប្ដូរទីតាំងក្នុងសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ការនាំចេញប្រចាំឆ្នាំនឹងធ្លាក់ចុះ ១% នៅឆ្នាំនេះ ខណៈដែលកំណើនផលិតផលក្នុងស្រុក ( GDP ) អាចនឹងកើនឡើង ៣% នេះបើយោងតាមការព្យាករណ៍របស់សេដ្ឋវិទូ KTB ។
ជាមួយគ្នានេះដែរលោក Jitipol Puksamatanan ប្រធានយុទ្ធសាស្រ្តទីផ្សារពិភពលោកនៅធនាគារ Krungthai បានឲ្យដឹងថា គ្រប់ប្រទេសទាំងអស់កំពុងទទួលរងឥទ្ធិពលពីសង្រ្គាមពាណិជ្ជកម្មដែលបណ្ដាលឲ្យការនាំចូល និងការវិនិយោគទាបជាងមុន។ ដោយប្រទេសទាំងនោះបានចាប់ផ្ដើមបញ្ឈប់ផលិតកម្ម និងធ្វើការផ្លាស់ប្ដូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេផងដែរ។ យ៉ាងណាមិញចំនួនតួលេខនៃការធ្លាក់ចុះនៅត្រីមាសនេះ ត្រូវបានគេកំណត់ថាបណ្ដាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ប្រេង និងផលិតផលកសិកម្មមានតម្លៃទាប ការធ្លាក់ចុះ និងការប្រកួតប្រជែងរូបិយប័ណ្ណ និងបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ថៃ ដោយសារតែក្រុមហ៊ុនដែលពឹងផ្អែកលើកម្លាំងពលកម្មបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅប្រទេសជិតខាងព្រោះតែមានម្លៃថោក។
ជាមួយគ្នានេះទោះបីជាភាពតានតឹងសង្រ្គាមពាណិជ្ជកម្មនៅតែបន្តកើនឡើងក៏ដោយ ក៏ការនាំចេញអាចនឹងស្ទុះងើបឡើងវិញនៅត្រីមាសទី៤ ដោយសារការផ្លាស់ប្តូរទីតាំងផលិតកម្មបានបញ្ចប់ នឹងជួយធ្វើឲ្យការនាំចេញថ្មីកើនឡើង។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៧ ខែដំបូងការនាំចេញបានធ្លាក់ចុះ ១.៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹម ១៤៤ ពាន់លានដុល្លារដែលធ្វើឲ្យអតិរេកពាណិជ្ជកម្មមានចំនួន ៤,០៥៣ ពាន់លានដុល្លារ។ បន្ថែមពីនេះប្រទេសថៃកំពុងរងចាំមើលពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២០ និងការឆ្លើយតបនាពេលអនាគតរបស់ចិន ដែលនឹងកំណត់លទ្ធផលនៃជម្លោះពាណិជ្ជកម្មអាមេរិក-ចិន៕

អត្ថបទ៖ លីនី


