Steve Jobs បានចាកចេញពីក្រុមហ៊ុន Apple នៅឆ្នាំ ១៩៨៥ ដោយសារតែមានជំលោះផ្ទៃក្នុងនៅក្រុមហ៊ុន Apple ជាមួយនឹងលោក John Sculley ហើយបន្ទាប់មកគាត់បានប្រើលុយផ្ទាល់ខ្លួនចំនួន ១២ លានដុល្លារដើម្បីចាប់ផ្តើមបង្កើតក្រុមហ៊ុនកុំព្យូទ័រថ្មីមួយដែលមានឈ្មោះថា NeXT ។ ជាមួយក្រុមហ៊ុនថ្មី Steve Jobs ចង់បង្កើតកុំព្យូទ័រសម្រាប់សាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវ ហើយក៏ជាគម្រោងមួយដែល Jobs អាចទទួលបានមកវិញនូវការគ្រប់គ្រងដែលគាត់បានបាត់បង់នៅ Apple ដោយគំនិតដែលគាត់បានគិតតាំងពីមុនពេលដែលគាត់ចាកចេញពី Apple គឺបង្កើតកុំព្យូទ័រថ្មីមួយដែលមានលក្ខណៈដាច់ដោយឡែកពី Apple ។
ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ NeXT ត្រូវបានគេហៅថា NeXTSTEP ដែលបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ នៅឆ្នាំ ១៩៨៨ NeXT បានបញ្ចេញកុំព្យូទ័រដំបូងរបស់ខ្លួនប៉ុន្តែវាមានតម្លៃថ្លៃណាស់ ខណៈពេលដែលកុំព្យូទ័រផ្សេងទៀតនៅពេលនោះមានតម្លៃចាប់ពី ៧០០ ដុល្លារ ដល់ ១ ពាន់ដុល្លារតិចតួច តែកុំព្យូទ័រ NeXT មានតម្លៃរហូតដល់ ៦,៥០០ ដុល្លារ។ ដោយសារតែនៅតាមសាកលវិទ្យាល័យត្រូវកំណត់ឲ្យប្រើកុំព្យូទ័រចាស់ៗ និងជីវភាពរបស់អ្នកប្រើប្រាស់នៅមានកម្រិត កុំព្យូរទ័ររបស់ NeXT មិនដែលរកឃើញជោគជ័យធំដុំទេ ទោះបីជា Steve Jobs ខិតខំរកវិធីសាស្រ្តជាច្រើនដើម្បីវាយលុកទីផ្សារក៏ដោយ។
នៅឆ្នាំ ១៩៩៣ ប្រាក់ចំណេញរបស់ Apple បានធ្លាក់ចុះ ៨៤% នៅឆ្នាំដដែលលោក Sculley បានលាឈប់ពីក្រុមហ៊ុន Apple ។ ខណៈពេលនោះ Windows NT និង Windows 95 ទទួលបានជោគជ័យ ប្រព័ន្ធប្រតិបត្តិការ Mac OS របស់ Apple ប្រែជាដើរយឺត ដែលទាមទារ Apple មានប្រព័ន្ធប្រតិបត្តិការថ្មី និងទំនើបមួយប្រសិនបើពួកគេចង់បន្តឲ្យផលិតផលរបស់ក្រុមហ៊ុននៅតែដំណើរការនៅទសវត្សរ៍ក្រោយ។ ដូច្នេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអេបផលនៅពេលនោះគឺលោក Gil Amelio បានបង្វែរការចាប់អារម្មណ៍របស់គាត់ទៅក្រុមហ៊ុន NeXT ។ ជាមួយ NeXT ទីបំផុត Apple អាចមានប្រព័ន្ធប្រតិបត្តិការទំនើបដើម្បីប្រកួតប្រជែងជាមួយ Windows និងបានទិញ NeXT ក្នុងតម្លៃ ៤២៩ លានដុល្លារនៅឆ្នាំ ១៩៩៧ ក្នុងពេលជាមួយគ្នាដែលលោក Steve Jobs បានត្រលប់ទៅ Apple វិញ។ ហើយនៅទីបំផុតគាត់បានធ្វើជានាយកប្រតិបត្តិម្ដងទៀត ដោយ NeXTSTEP ត្រូវបានប្រើជាគ្រឹះសំរាប់ Mac OS X ដែលមនុស្សរាប់លាននាក់នៅតែប្រើប្រាស់សព្វថ្ងៃ៕



អត្ថបទ៖ លីនី


