និទានខ្លី៖ នៅថ្ងៃមួយបុរសវ័យក្មេងម្នាក់បានសួរទៅកាន់សូក្រាត ទស្សនវិទូក្រិកបុរាណដែលត្រូវបានគេចាត់ទុកថាជាបុគ្គលដែលមានប្រជ្ញាបំផុតនៅលោកខាងលិច ពីអាថ៌កំបាំងនៃភាពជោគជ័យ។ សូក្រាតស្ដាប់សំណួរបស់បុរសនោះយ៉ាងយកចិត្តទុកដាក់ ហើយបានប្រាប់បុរសនោះឲ្យទៅជួបគាត់នៅក្បែរទន្លេនៅព្រឹកស្អែក ដើម្បីទទួលបានចម្លើយ។ លុះមកដល់ព្រឹកស្អែកសូក្រាតបានប្រាប់ឲ្យបុរសនោះ ចុះទៅជាមួយគាត់នៅក្នុងទន្លេ។
ពួកគេទាំងពីរដើរចូលទៅក្នុងទន្លេកាន់តែជ្រៅទៅៗ រហូតដល់ទឹកឡើងត្រឹមក បុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលសូក្រាតបានចាប់ក្បាលគាត់ជ្រមុជក្នុងទឹក គាត់ក៏បានប្រឹងរើបម្រាស់ឲ្យផុតពីទឹក ប៉ុន្តែសូក្រាតមានកម្លាំងខ្លាំងជាង ហើយគាត់នៅតែចាប់ក្បាលជ្រមុជក្នុងទឹកដដែល រហូតដល់មុខរបស់ក្មេងប្រុសចាប់ផ្ដើមប្រែជាខៀវ។ សូក្រាតទាញបានទាញក្បាលបុរសនោះចេញពីទឹក ហើយបុរសនោះដកដង្ហើមវែងៗទាំងអស់កំលាំងក្នុងខ្លួន បន្ទាប់មកសូក្រាតបានសួរថា៖ ” តើអ្នកចង់បានអ្វីជាងគេនៅពេលដែលក្បាលរបស់អ្នកស្ថិតនៅក្នុងទឹក? ” បុរសនោះក៏បានឆ្លើយថា៖ ” ខ្យល់ “។ បន្ទាប់មកសូក្រាតបាននិយាយថា៖ “ នោះគឺជាអាថ៍កំបាំងនៃភាពជោគជ័យ នៅពេលដែលអ្នកចង់បានជោគជ័យដូចអ្នកចង់បានខ្យល់ខណៈពេលដែលអ្នកនៅក្នុងទឹកពេលនោះ អ្នកនឹងទទួលបានវា វាគ្មានអាថ៌កំបាំងអ្វីផ្សេងទៀតទេ “។
ដំបូន្មាននៃរឿង៖ បំណងប្រាថ្នាកំពុងឆេះឆួល គឺជាចំណុចចាប់ផ្តើមនៃសមិទ្ធិផលទាំងអស់។ ប្រៀបដូចជាភ្លើងតូចមួយមិនអាចផ្តល់កំដៅបានច្រើន បំណងប្រាថ្នាតិចតួចមិនអាចផ្តល់នូវលទ្ធផលល្អ៕
អត្ថបទ៖ លីនី


