ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Zhao Shucong នាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet) ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងវិស័យព្រៃឈើ។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះឯកឧត្តម Zhao Shucong និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលប្រទេសទាំងពីរបាននិងកំពុង ពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ស្របតាមគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តម Zhao Shucong បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីឲ្យបានជ្រាបពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងដែលអង្គការបានជួយគាំទ្រ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីផ្តល់ការគាំទ្រសម្រាប់គម្រោងថ្មីៗបន្ថែមទៀត។ តាមរយ:សមិទ្ធផលដែលរដ្ឋបាលព្រៃឈើសម្រេចបាន ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះក្រសួង ក៏ដូចជារដ្ឋបាលព្រៃឈើដែលបានជួយសហការអនុវត្តគម្រោងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ ពាក់ព័ន្ធគម្រោងដែលកំពុងអនុវត្ត ឯកឧត្តមបានបញ្ជាក់ថា អង្គការ APFNet នឹងពិនិត្យលទ្ធភាពក្នុងការបន្តការគាំទ្រជំហានទីពីរ ព្រោះឯកឧត្តមយល់ឃើញថាគម្រោងបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រប់គ្រង ស្ដារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញយ៉ាងមានប្រសិទ្ធភាព។
មួយវិញទៀត ភាគីទាំងពីរនឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដោយគម្រោងនេះមានថវិកាឧបត្ថមប្រមាណជា ៥,៥ លានដុល្លារសហរដ្ឋអាមេរិក ហើយគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២០ ខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ APFNet បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ ហើយគម្រោងគាំទ្រមានចំនួន ៤ ដែលមានថវិកាសរុបជាង ៧,៨លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះគម្រោងទី១ និង២ ត្រូវបានបញ្ចប់ដោយជោគជ័យ ហើយចំពោះគម្រោងទី៣ កំពុងអនុវត្ត និងគម្រោងទី៤ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ៕




