ថៃ៖ ដោយមើលឃើញពីសក្តានុពលដ៏អស្ចារ្យនៅអាស៊ានសម្រាប់ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ រុស្សីមានបំណងភ្ជាប់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដោយប្រទេសរុស្ស៊ីមើលឃើញប្រទេសថៃជាច្រកចេញចូលអាស៊ាន ហើយចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីជាពិសេសនៅក្នុងវិស័យថាមពល និងធនធានរ៉ែ។ មិនតែប៉ុណ្ណោះរុស្សីក៏ចាប់អារម្មណ៍ទៅលើការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃក្រោមគំរូ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (PPP) ផងដែរ។
លោក Alexey Gruzdev អនុរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់សហព័ន្ធរុស្ស៊ីមានប្រសាសន៍ថា៖ ប្រទេសថៃគឺជាប្រទេសកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សដែលមានគម្រោងកំពុងបន្តជាច្រើនដែលត្រូវការធនធាន ហើយយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីអភិវឌ្ឍទំនាក់ទំនងនេះ។ យោងតាមការិយាល័យគោលនយោបាយ និងផែនការថាមពលរបស់ប្រទេសថៃបានឱ្យដឹងថាប្រទេសនេះបាននាំចូលប្រេងឆៅប្រហែល ១.៤ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹងប្រហែល ៦៤៣,០០០ បារ៉ែលក្នុងឆ្នាំ ២០០០ ។ ខណៈដែលរុស្ស៊ីជាប្រទេសនាំចេញប្រេង និងឧស្ម័នធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែការនាំចូលថាមពលពីប្រទេសរុស្ស៊ីទៅប្រទេសថៃនៅតែទាបបើប្រៀបធៀបទៅនឹងប្រទេសដទៃ។
យោងតាមស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសថៃបានឲ្យដឹងថាទំហំពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់ចំនួន ១.៨៥ ពាន់លានដុល្លារអាមេរិក (៥៦.៦ ពាន់លានបាត) គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០១៨ ដោយការនាំចេញរបស់រុស្ស៊ីភាគច្រើនជាប្រេងឆៅ និងធនធានថាមពលឆៅផ្សេងទៀត (៤៤.៣%) លោហៈ និងគ្រឿងដែក (១៧.៨%) ) ផលិតផលឧស្សាហកម្មគីមី (១៦.៧%) រួមទាំងឧបករណ៍ម៉ាស៊ីន និងយានយន្ត (១៣.០%) ។ ដោយការនាំចេញរបស់ថៃទៅកាន់ប្រទេសរុស្សីភាគច្រើនជា ម៉ាស៊ីន គ្រឿងម៉ាស៊ីន និងយានយន្ត (៦២.៤%) ផលិតផលឧស្សាហកម្មគីមី (១៦.១%) និងទំនិញ ម្ហូបអាហារ និងកសិកម្ម (៩.៦%) ។
បន្ថែមពីនេះរុស្ស៊ីបានបង្ហាញពីគោលបំណងចង់ចូលរួមអភិវឌ្ឍន៍មិនមែនត្រឹមតែវិស័យថាមពលមួយមុខនោះទេ តែបានបង្ហាញការចាប់អារម្មណ៍ស្ទើរតែគ្រប់វិស័យដូចជា វិស័យច្នៃប្រឌិតរួមមានជីវបច្ចេកវិទ្យា ឱសថ និងកសិកម្មដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសថៃ។ លើសពីនេះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅប្រទេសថៃបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រទេសរុស្ស៊ី ខណៈប្រទេសកំពុងសម្លឹងរកការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ។ ស្របពេលដែលប្រទេសថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាពិសេសដើម្បីបង្កើតឧស្សាហកម្មខ្សែកោងថ្មីនៅក្នុងគ្រោងការណ៍នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្រៅពីនេះទៅទៀតរុស្សីក៏កំពុងសម្លឹងមើលការវិនិយោគយ៉ាងខ្លាំងក្លាលើតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍឧស្សាហកម្មក្រុមហ៊ុនរុស្ស៊ីមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានរបស់ EEC ដូចជា ការធ្វើនាវាចរណ៍ តាមផ្លូវអាកាស ប្រព័ន្ធអេឡិចត្រូនិច និងសន្តិសុខ ហើយក៏បានត្រៀមខ្លួនរួចជាការស្រេចក្នុងផ្តល់ការផ្តល់គម្រោងដល់ប្រទេសថៃផងដែរ៕


អត្ថបទ៖ លីនី


