លោក Mike Tyson គឺជាអតីតអ្នកប្រដាល់ជើងខ្លាំងដ៏អស្ចារ្យរបស់អាមេរិក និងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើពិភពលោក តាមរយៈសមត្ថភាព និងទេពកោសល្យរបស់គាត់ក្នុងការប្រកួត ជាពិសេសការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន។ ដោយឡែកបើក្រឡេកទៅមើលខ្សែជីវិតរបស់គាត់ បញ្ហារាប់មិនអស់តែងតែកើតមានឡើង ប៉ុន្តែគាត់នៅតែជាអ្នកប្រដាល់ដែលឆ្នើមបំផុត ជាមួយគំនិត និងសម្ដីជំរុញទឹកចិត្តដ៏មានតម្លៃរបស់គាត់ សម្រាប់មនុស្សគ្រប់គ្នាដែលចង់សម្រេចបានភាពជោគជ័យ។
នៅក្នុងឆាកជីវិតរបស់កីឡាករប្រដាល់ Mike Tyson អ្វីដែលជះឥទ្ធពលដល់ជីវិតរបស់គាត់ខ្លាំងបំផុត និងជាមេរៀនដ៏ឈឺចាប់ដែលគាត់មិនអាចភ្លេចបានគឺ នៅពេលដែលគាត់បាត់បង់តំណែង និងពេលដែលគាត់ត្រូវជាប់ពន្ធធនាគារអស់រយៈពេល ៣ ឆ្នាំ។ ដូច្នេះហើយទើបគាត់ដឹងថានៅក្នុងជីវិត យើងត្រូវរៀនស្រលាញ់ការឈឺចាប់ នៅលើផ្លូវដ៏វែងឆ្ងាយទៅរកភាពជោគជ័យយើងត្រូវស៊ូទ្រាំនឹងការឈឺចាប់ ដើម្បីឈានទៅកន្លែងដែលយើងចង់ទៅ ដោយជំនួសឲ្យការត្អូញត្អែរអំពីការឈឺចាប់នេះចូររៀនស្រឡាញ់ការឈឺចាប់ហើយទទួលបានការការរំភើបពីវា ដូចនេះទើបគាត់និយាយថា វាជាវិន័យមួយសម្រាប់គាត់ដែលតែងតែដាក់នៅលើខ្លួនឯងថា « ត្រូវធ្វើអ្វីដែលអ្នកស្អប់ ហើយត្រូវធ្វើដូចដែលអ្នកស្រលាញ់វា »៕


អត្ថបទ៖ លីនី


