រឿងនិទាន៖ នៅថ្ងៃមួយបុគ្គលិកទាំងអស់បានទៅដល់ការិយាល័យ ហើយពួកគេបានឃើញការបិទប្រកាសមួយនៅលើទ្វារដូច្នេះថា៖ ” កាលពីម្សិលមិញអ្នកដែលកំពុងរារាំងការរីកចម្រើនរបស់អ្នកនៅក្នុងក្រុមហ៊ុននេះ បានទទួលមរណភាពហើយ។ យើងសូមអញ្ជើញអ្នកឲ្យចូលរួមពិធីបុណ្យសពនៅក្នុងបន្ទប់ដែលបានរៀបចំនៅកន្លែងហាត់ប្រាណ “។ ដំបូងឡើយបុគ្គលិកទាំងអស់មានការសោកស្ដាយ និងក្រៀមក្រំចំពោះការស្លាប់របស់មិត្តរួមការងារពួកគេយ៉ាងខ្លាំង ប៉ុន្តែក្រោយមកពួកគេចាប់ផ្ដើមចង់ដឹងថាតើអ្នកណាដែលកំពុងរារាំងការរីកចម្រើនរបស់មិត្តរួមការងារ និងក្រុមហ៊ុនរបស់ខ្លួន ក្រោយពីចង់ដឹងចង់ឃើញបុគ្គលិកទាំងអស់ក៏នាំគ្នាទៅកាន់បន្ទប់ហាត់ប្រាណ។
នៅពេលដែលបុគ្គលិកទាំងអស់ទៅដល់បន្ទប់ហាត់ប្រាណអ្វីដែលកាន់តែធ្វើឲ្យពួកគេរន្ធត់ចិត្តកាន់តែខ្លាំង នោះគឺមានភ្នាក់ងារសន្តិសុខជាច្រើនត្រូវបានបញ្ជាឲ្យមកមើលការខុសត្រូវមនុស្សនៅក្នុងបន្ទប់ ព្រោះនៅពេលដែលមនុស្សដែលបានចូលទៅមើលនៅក្នុងមឈូសកាន់ច្រើន ភាពរន្ធត់សោកសង្រេងកាន់តែខ្លាំងៗឡើង។ បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះបុគ្គលិកទាំងអស់គិតថា៖ ” តើអ្នកណាដែលជាអ្នករារាំងការរីកចម្រើនរបស់ខ្ញុំ? ប៉ុន្តែក៏ល្អ យ៉ាងហោចណាស់គាត់បានស្លាប់បាត់ទៅហើយ!” ។ បុគ្គលិកម្នាក់ៗកាន់តែភិតភ័យ និងតក់ស្លុតចិត្តយ៉ាងខ្លាំងពេលដែលចូលទៅកៀកមឈូស ហើយនៅពេលដែលមើលទៅក្នុងមឈូស ពួកគេស្រាប់តែនិយាយអ្វីមិនចេញ ដោយឈរនៅក្បែរមឈូសយ៉ាងស្ងៀមស្ងាត់ និងរន្ធត់ចិត្តជាពន់ពេក ហាក់ដូចជាមានអ្វីម្យ៉ាងដែលឆក់យកព្រលឹងពួកគេទៅ ដោយនៅក្នុងមឈូសមិនមានសាកសពទេ តែបែជាមានកញ្ចក់មួយទៅវិញ ហើយពេលដែលពួកគេមើលទៅក្នុងមឈូស ពួកគេបានឃើញរូបខ្លួនឯង។
នៅក្នុងមឈូសមិនត្រឹមតែមានកញ្ចក់នោះទេ តែក៏បង្ហាញនូវសារមួយឃ្លានៅក្បែរនោះថា៖ ” មានមនុស្សតែម្នាក់គត់ដែលអាចកំណត់ការរីកចម្រើនរបស់អ្នកនោះគឺ អ្នក។ អ្នកជាមនុស្សតែម្នាក់គត់ដែលអាចធ្វើការផ្លាស់ប្ដូរជីវិតរបស់អ្នក ហើយអ្នកជាមនុស្សតែម្នាក់គត់ដែលអាចរកសុភមង្គល ការសម្រេចបាន និងភាពជោគជ័យរបស់អ្នក។ អ្នកជាមនុស្សតែម្នាក់គត់ដែលអាចជួយខ្លួនឯងបាន ដូច្នេះជីវិតរបស់អ្នកមិនផ្លាស់ប្ដូរទេនៅពេលដែលចៅហ្វាយរបស់អ្នកផ្លាស់ប្ដូរ មិត្តភក្កិរបស់អ្នកផ្លាស់ប្ដូរ និងដៃគូររបស់អ្នកផ្លាស់ប្ដូរ។ ប៉ុន្តែជីវិតអ្នកនឹងផ្លាស់ប្ដូរ នៅពេលដែលអ្នកផ្លាស់ប្ដូរ នៅពេលដែលជំនឿរបស់អ្នកកើនឡើងហួសពីដែនកំណត់ នោះអ្នកនឹងដឹងថាអ្នកជាមនុស្សតែម្នាក់គត់ដែលទទួលខុសត្រូវចំពោះជីវិតរបស់អ្នក។ ទំនាក់ទំនងដែលសំខាន់បំផុតដែលអ្នកគួរមានគឺទំនាក់ទំនងជាមួយខ្លួនឯង “។
ដំបូន្មាននៃរឿង៖ ពិភពលោកប្រៀបដូចជាកញ្ចក់ ដែលនឹងផ្ដល់ឲ្យនរណាម្នាក់នូវការឆ្លុះបញ្ជាំងពីគំនិតដែលពួកគេបានជឿយ៉ាងងប់ងល់។ ពិភពលោក និងការពិតរបស់អ្នកគឺដូចជាកញ្ចក់ដែលស្ថិតនៅក្នុងមឈូស ដែលបានបង្ហាញដល់បុគ្គលណាម្នាក់ដែលបានបាត់បង់សមត្ថភាពក្នុងការបែងចែករបស់ពួកគេ ដើម្បីបង្កើតក្ដីស្រមៃ ក៏ដូចជាបង្កើតសុភមង្គល និងភាពជោគជ័យរបស់ពួកគេ។ ទាំងនេះគឺជារបៀបដែលអ្នកត្រូវប្រឈមមុខនឹងជីវិតដែលជួបប្រទះនូវរឿងរ៉ាវជាច្រើនខុសៗគ្នា៕
អត្ថបទ៖ លីនី


