សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍
សេដ្ឋកិច្ច August 27, 2019 Chan Sreyny

សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍អាចនឹងប្រឈមមុខជាមួយបញ្ហាដែលនឹងបន្ដកើនឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតក្នុងឆ្នាំ ២០១៩ ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនមានឥទ្ធិពលលើតំបន់ នេះបើយោងតាមការត្រួតពិនិត្យរបស់ Nikkei Asia របស់ប្រទេសជប៉ុន។ ស្របពេលដែលថ្មីៗនេះ អត្ថបទមួយដែលចុះផ្សាយដោយសារព័ត៌មាន Nikkei Asia Review បាននិយាយថាការពិតបានដាក់សម្ពាធដល់រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ឲ្យចាត់វិធានការដូចជាការកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេជាដើម។

ភាពតានតឹងពាណិជ្ជកម្មបានចាប់ផ្តើមជះឥទ្ធពលទៅលើតំបន់អាស៊ីអាគ្នេយ៍តាំងពីចុងឆ្នាំ ២០១៨ ដោយស្ថិតិផ្លូវការបានបង្ហាញថានៅក្នុងត្រីមាសទី២ ផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសទាំង ៥ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ៦ ក្នុងតំបន់រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ត្រូវបានមើលឃើញពីការកើនឡើងយឺតជាងត្រីមាសមុន ដោយប្រទេសថៃ និងសឹង្ហបុរីទទួលរងគ្រោះខ្លាំងជាងគេ ព្រោះប្រទេសទាំងពីរប្រឈមនឹងការធ្លាក់ចុះតម្រូវការសម្រាប់ការនាំចេញផលិតកម្មសំខាន់ៗរបស់ពួកគេដូចជា ផលិតផលអេឡិចត្រូនិចជាដើម។

ជាមួយគ្នានេះដែរនៅក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនាសេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលជិត ៥ ឆ្នាំដោយបានកើនឡើងត្រឹមតែ ២.៣% ខណៈអត្រាកំណើនរបស់ប្រទេសសឹង្ហបុរីមានត្រឹមតែ ០.១% ដែលជាអត្រាខ្សោយបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដោយសារតែការធ្លាក់ចុះនៅក្នុងវិស័យអេឡិចត្រូនិច។ ដោយឡែកកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់នេះបានធ្លាក់ចុះដល់ ៥.០៥% នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះដោយសារតែការធ្លាក់ចុះតម្លៃសម្រាប់ការនាំចេញទំនិញរបស់ខ្លួនដូចជាប្រេងដូង។

ក្រឡេកមកមើលប្រទេសវៀតណាមដែលផលិតផលក្នុងស្រុកសរុបកើនឡើង ៦.៨% នៅក្នុងត្រីមាសទី១ បានឃើញថាកំណើនសេដ្ឋកិច្ចធ្លាក់ចុះមកត្រឹមតែ ៦.៧% នៅពេលដែលបានត្រួតពិនិត្យម្ដងទៀត។ ចំនែកឯប្រទេសហ្វីលីពីនបានបង្ហាញពីការធ្លាក់ចុះប្រហាក់ប្រហែលគ្នាពី ៥.៦% ដល់ ៥.៥% ខណៈដែលកំណើនរបស់ប្រទេសម៉ាឡេស៊ីមានចំនួន ៤.៩% ខ្ពស់ជាងកំណើនក្នុងត្រីមាសទី១ ០.៤% ដោយសារការប្រើប្រាស់ឯកជនមានការកើនឡើង ៧.៨%។

យ៉ាងណាមិញអ្នកវិភាគនៅក្រុមហ៊ុន CMC Markets ក្នុងប្រទេសសឹង្ហបុរីលោកស្រី Margaret Yang បាននិយាយថាបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍អាចប្រឈមនឹងការធ្លាក់ចុះនៃផលិតកម្ម ការធ្លាក់ចុះហានិភ័យពាណិជ្ជកម្ម និងសង្វាក់ផ្គត់ផ្គង់នៅក្នុងរយៈពេលពីរបីត្រីមាសខាងមុខ។ បន្ថែមពីនេះទៅទៀតកាសែតក៏បានគូសបញ្ជាក់ផងដែរថាជាមួយនឹងការថយចុះនូវកំណើននៅក្នុងត្រីមាសទី២ និងបរិយាកាសខាងក្រៅដែលមិនប្រាកដប្រជារដ្ឋាភិបាល និងធនាគារកណ្តាលនៅក្នុងតំបន់កំពុងរងសម្ពាធក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនប្រសើរឡើងវិញតាមរយៈវិធានការរូបិយវត្ថុ និងសារពើពន្ធនៅប៉ុន្មានខែខាងមុខនេះ៕

អត្ថបទ៖ លីនី