ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះប្រទេសវៀតណាមលោតពីចំណាត់លេខ ៥ ទៅចំណាត់លេខ ៣ នៅក្នុងបញ្ជីនៃការចាប់ផ្ដើមប្រព័ន្ធអេកូឡូស៊ីសកម្មបំផុតក្នុងសេដ្ឋកិច្ចនៅអាស៊ានធំជាងគេទាំង ៦។ ដោយការផ្លាស់ប្ដូរនេះគឺចាប់ពីពាក់កណ្តាលឆ្នាំ ២០១៧ មកទល់រយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដោយមានតែប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីប៉ុណ្ណោះដែលដេញតាមពីក្រោយ។ យោងតាមរបាយការណ៍វិនិយោគបច្ចេកវិទ្យាវៀតណាមដែលចេញដោយក្រុមហ៊ុនមូលធនបណ្តាក់ទុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Cento Ventures និងមូលនិធិវិនិយោគដំបូងរបស់វៀតណាម ESP Capital ចំនួនដើមទុនដែលបានវិនិយោគ និងចំនួននៃកិច្ចព្រមព្រៀងបច្ចេកវិទ្យាដែលបានធ្វើនៅក្នុងប្រទេសនេះបានកើនឡើង ៦ ដងក្នុងឆ្នាំនេះ។
ដោយរបាយការណ៍បានបង្ហាញថាការចាប់ផ្តើមអាជីវកម្មក្នុងស្រុកបានកើនឡើងសរុប ២៤៦ លានដុល្លារក្នុងឆមាសទី១ នៃឆ្នាំ ២០១៩ ក្នុងនោះទទួលបានថវិកាចំនួន ៦៣% ពីការវិនិយោគធំបំផុតចំនួន ៣ រួមមាន Tiki, VNPay និង VNG ។ ហើយទាក់ទងនឹងវិស័យនានានៅផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថលមានដូចជា ការលក់រាយ និងការទូទាត់បញ្ជីមានជិត ៦០% នៃការវិនិយោគ។ បន្ថែមពីនេះទៅទៀតរបាយការណ៍ឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ក៏បានបង្ហាញនូវរលកថ្មីនៃការចាប់ផ្តើមរបស់វៀតណាមដែលប្រមូលបានចំនួនពី ៥០ លានដុល្លារដល់ ១០០ លានដុល្លារអាមេរិកសម្រាប់លើកដំបូង។ ហើយប្រសិនបើនិន្នាការនេះមានការរីកចម្រើន ក្រុមហ៊ុនវៀតណាមកាន់តែច្រើននឹងអាចឈានដល់ជិត ៥០០ លានដុល្លារអាមេរិកហើយអាចឈានដល់ ១ ពាន់លានដុល្លារនៅឆ្នាំខាងមុខ។
គួរបញ្ជាក់ផងដែរថានៅចន្លោះឆ្នាំ ២០១៧ និង ២០១៨ កិច្ចព្រមព្រៀងភាគច្រើនបានមកពីវិនិយោគិនសិង្ហបុរី និងជប៉ុន ដោយឡែកនៅឆ្នាំនេះក្រុមហ៊ុនមូលធនបណ្តាក់ទុនកូរ៉េបាននាំមុខគេក្នុងចំណោមវិនិយោគិនសកម្មបំផុតក្នុងអំឡុងពេលពាក់កណ្តាលឆ្នាំដំបូង ដែលមានចំនួនជិត ៣០% នៃកិច្ចព្រមព្រៀង។ ក្នុងនោះចំនួននៃកិច្ចព្រមព្រៀងបានកើនឡើងពីចំនួន ១៣ ក្នុងឆមាសទី១ ឆ្នាំ ២០១៨ ដល់ ២១ កិច្ចព្រមព្រៀងក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។ ដោយវៀតណាមទទួលបានការកើនឡើងទាំងបរិមាណទុនវិនិយោគ និងចំនួនកិច្ចព្រមព្រៀងដែលបានធ្វើតាំងពីដើមឆ្នាំ ២០១៨ ដោយឆ្នាំសារពើពន្ធ ២០១៨ មានចំនួនសរុប ៤៤៤ លានដុល្លារខណៈឆ្នាំសារពើពន្ធ ២០១៩ ត្រូវបានគេរំពឹងថានឹងកើនដល់ ៨០០ លានដុល្លារ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Cento Ventures ជឿជាក់ថាចំនួនទឹកប្រាក់ដែលប្រមូលបានក្នុងឆមាសទី២ នៃឆ្នាំនេះរបស់វៀតណាមនឹងខ្ពស់ជាងចំនួនដំបូង ខណៈដែលក្រុមហ៊ុនដែលមកវិនិយោគក្នុងរយៈពេលចុងក្រោយនេះ បានប្រមូលទឹកប្រាក់នៅឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ ហើយកំពុងធ្វើការបូកសរុបដែលអាចនឹងពង្រីកការវិនិយោគរបស់ពួកគេបន្ថែមទៀត៕

អត្ថបទ៖ លីនី


