លោក Ray Dalio មហាសេដ្ឋីមូលនិធិ Hedge ដឹងច្រើនអំពីភាពជោគជ័យ ដោយលោកបានបង្កើតក្រមហ៊ុន Bridgewater Associates ដែលជាមូលនិធិការពារហានិភ័យធំជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រហែល ១៦០ ពាន់លានដុល្លារ។ ប៉ុន្តែគាត់និយាយថាមានមេរៀនមួយដែលធ្វើអោយគាត់ចំណាយពេលរាប់ទសវត្សដើម្បីរៀនពីរបៀបដើម្បីទទួលបានជោគជ័យពិតប្រាកដ។ មេរៀននោះគឺ « ត្រូវសម្របខ្លួនអ្នកនៅក្នុងចំណោមមនុស្សដែលមានទេពកោសល្យច្រើនជាងអ្នក »។
មហាសេដ្ឋីដែលរកប្រាក់បានរាប់ពាន់លានដុល្លាររូបនេះបានពន្យល់ថា ក្នុងនាមជាអ្នកគ្រប់គ្រងល្អអ្នកត្រូវជួលនរណាម្នាក់ដែលល្អជាងអ្នក ដោយប្រៀបធៀបឲ្យដូចទៅនឹងវង់តន្រ្តី។ បន្ទាប់ពីការជួល ការគ្រប់គ្រង និងការដឹកនាំមនុស្សរាប់សិបឆ្នាំមក លោក Ray Dalio យល់ថាចំណុចតែមួយគត់ដែលធ្វើឲ្យលោកទទួលបានជោគជ័យគឺ លោកត្រូវធ្វើជាអ្នកដឹកនាំក្រុមភ្លេងមួយ ដែលអាចធ្វើឲ្យសមាជិក្រុមទាំងអស់របស់ខ្លួនអាចលេងឧបករណ៍តន្រ្តីរបស់ពួកគេបានល្អជាងលោក។
មិនតែប៉ុណ្ណោះលោកតែងតែគិតថា ប្រសិនបើលោកពិតជាអ្នកដឹកនាំដ៏អស្ចារ្យ លោកក៏អាចរកឃើញមនុស្សដែលកាន់តែល្អជាងខ្លួន និងជួលពួកគេផងដែរ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះមហាសេដ្ឋីរូបនេះបានបង្ហាញពីគោលបំណងមួយ ដោយនឹងបង្កើតម៉ាស៊ីនមួយដែលដំណើរការល្អជាងខ្លួន ទើបលោកអាចមានពេលសម្រាកលំហែកាយបានដោយមិនបាច់ខ្វល់ពីអ្វីទាំងអស់៕

អត្ថបទ៖ លីនី


