ភូមិតូចមួយត្រូវបានទឹកជន់លិច មនុស្សគ្រប់គ្នាបានចាកចេញពីភូមិ លើកលែងតែបូជាចារ្យមួយរូបដែលមិនព្រមចាកចេញដោយសារតែជំនឿរបស់គាត់ជាមួយព្រះរហូតទីបំផុតទើបគាត់ដឹងថាគាត់ជាមនុស្សដែលល្ងង់បំផុត
គំនិតអប់រំ August 26, 2019 Chan Sreyny

រឿងនិទាន៖ មានភូមិតូចមួយដែលនៅក្បែរមាត់ទន្លេ មនុស្សគ្រប់គ្នារស់នៅក្នុងភូមិប្រកបដោយសេក្ដីសុខ និងភាពរីករាយ ដោយសារតែពួកគេមានជំនឿទៅលើព្រះ និងតែងតែធ្វើការបួងសួងនៅក្នុងព្រះវិហារមួយនៅក្នុងភូមិ។ ថ្ងៃមួយរដូវវស្សាបានឈានចូលមកដល់ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យទឹកទន្លេចាប់ផ្ដើមឡើងខ្ពស់ ហើយហូរចូលមកដល់ក្នុងភូមិជន់លិចយ៉ាងលឿន ទីបំផុតមនុស្សគ្រប់គ្នានៅក្នុងភូមិចាប់ផ្ដើមជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅក្នុងកាន់ទីទួលមានសុវត្ថិភាព។

ខណៈពេលដែលអ្នកភូមិទាំងអស់គ្នា ញាប់ដៃញាប់ជើងរៀបចំជម្លៀសចេញ បុរសម្នាក់ក៏បានរត់ទៅកាន់ព្រះវិហារ ហើយបានចូលទៅក្នុងបន្ទប់របស់បូជាចារ្យហើយប្រាប់គាត់ថា៖ ” ទឹកជំនន់បានហូរចូលមកក្នុងភូមិយើង ហើយឡើងយ៉ាងលឿន ឥឡូវវាក៏ហូរចូលមកដល់ក្នុងព្រះវិហារដែរ យើងគ្មានពេលច្រើនទេ យើងត្រូវប្រញាប់ចេញពីទីនេះទៅកាន់ទីសុវត្ថិភាព បើមិនដូច្នោះយើងនឹងត្រូវទឹកជន់លិចស្លាប់មិនខាន! អ្នករាល់គ្នាបានចេញទៅកន្លែងមានសុវត្ថិភាពហើយ អ្នកក៏ត្រូវទៅដូចគ្នា “។ ក្រោយពីបានលឺដូច្នេះបូជាចារ្យក៏បានប្រាប់បុរសនោះថា៖ ” ខ្ញុំមិនមែនជាមនុស្សដែលមិនជឿថាមានព្រះដូចអ្នកទាំងនោះទេ​ ហើយខ្ញុំមានជំនឿលើព្រះជាម្ចាស់ ខ្ញុំជឿថាព្រះអង្គនឹងយាងមកជួយសង្គ្រោះខ្ញុំ ខ្ញុំនឹងមិនចាកចេញពីព្រះវិហារនេះទេអ្នកអាចទៅបានហើយ “​ បន្ទាប់មកបុរសនោះក៏បានចាកចេញទៅ។

មិនយូរប៉ុន្មានកម្ពស់ទឹកចាប់ផ្ដើមឡើងរហូតដល់ត្រឹមចង្កេះ បូជាចារ្យក៏បានឡើងឈរនៅលើតុ លុះប្រហែលប៉ុន្មាននាទីក្រោយក៏មានបុរសម្នាក់ជិះទុកចូលមកជួយបូជាចារ្យដោយនិយាយថា៖ ” អ្នកភូមិបានប្រាប់ខ្ញុំថា អ្នកកំពុងស្ថិតនៅក្នុងព្រះវិហារ ដូច្នេះខ្ញុំក៏ប្រញាប់មកជួយអ្នកសូមឡើងលើទូកមក ខ្ញុំនឹងនាំអ្នកទៅកាន់ទីសុវត្ថិភាព ” ប៉ុន្តែបូជាចារ្យបានបដិសេធម្ដងទៀតដោយផ្ដល់នូវហេតុផលដូចដែលកាត់បានប្រាប់បុរសទី១ ហើយបុរសនោះក៏អុំទូកចេញទៅ។

ក្រោយមកទឹកនៅតែបន្តកើនឡើងរហូតដល់ពិដាន បូជាចារ្យក៏បានឡើងទៅដំបូលព្រះវិហារ ហើយនៅតែបន្តបួងសួងដល់ព្រះ​ដើម្បីឲ្យជួយគាត់ ភ្លាមៗនោះឧទ្ធម្ភាគចក្របានមកដល់ អ្នកជួយសង្គ្រោះក៏ទម្លាក់ជណ្ដើរសម្រាប់បូជាចារ្យ ហើយសុំឲ្យគាត់ឡើងទៅលើ ដើម្បីឲ្យពួកគេអាចនាំគាត់ទៅកន្លែងមានសុវត្ថិភាព។ ប៉ុន្តែបូជាចារ្យបានបដិសេធមិនព្រមចាកចេញដោយផ្ដល់ហេតុផលដដែលដល់ពួកគេ បន្ទាប់មកឧទ្ធម្ភាគចក្របានចេញទៅដើម្បីស្វែងរក និងជួយអ្នកដ៏ទៃបន្ត។

នៅទីបំផុតពេលដែលទឹកលិចជិតដល់កំពូលព្រះវិហារបូជាចារ្យបានឱនមុខចុះក្រោមដោយក្ដីអស់សង្ឃឹម និងត្អូញត្អែរថា៖ ” ឱព្រះអង្គម្ចាស់អើយ ខ្ញុំបានថ្វាយបង្គំព្រះអស់មួយជីវិត ហើយរក្សាជំនឿលើព្រះអង្គ! ហេតុអ្វីបានជាអ្នកមិនមកជួយខ្ញុំ? “។ ភ្លាមនោះព្រះក៏បានបង្ហាញខ្លួននៅចំពោះមុខគាត់​ ហើយនិយាយទាំងញញឹមថា៖ ” ឱមនុស្សឆ្កួតខ្ញុំបានមកជួយអ្នកបីដងហើយ! ខ្ញុំបានរត់មករកអ្នកដើម្បីសុំឲ្យអ្នកចាកចេញពីទីនេះទៅកាន់កន្លែងមានសុវត្ថិភាពបំផុតជាមួយអ្នកភូមិដទៃទៀត ខ្ញុំបានជិះទូកមករកអ្នក ហើយខ្ញុំបានមកដោយឧទ្ធម្ភាគចក្រ! តើអ្វីដែលជាកំហុសរបស់ខ្ញុំ ប្រសិនបើអ្នកមិនដែលស្គាល់ខ្ញុំផង? ” ។ បូជាចារ្យបានដឹងពីកំហុសរបស់គាត់ ហើយបានធ្វើការសុំអភ័យទោស គាត់ក៏ទទួលបានឱកាសម្ដងទៀតពីព្រះទៅកាន់កន្លែងមានសុវត្ថិភាព។

តម្លៃអប់រំ៖ នៅក្នុងជីវិតមនុស្សយើង ឱកាសនឹងកើតឡើងដោយមិនដឹងខ្លួន និងមិនមានជាលើកទីពីរឡើយ មនុស្សគ្រប់រូបខកខានមិនបានដឹងថាអ្វីជាឱកាស ហើយត្អូញត្អែរថាជីវិតមិនបានផ្ដល់ឲ្យពួកគេនៅឱកាសដើម្បីដឹកនាំជីវិតឲ្យទទួលបានជោគជ័យទេ។ ដូច្នេះត្រូវចាប់យកនូវគ្រប់ឱកាសដែលអ្នកមានដើម្បីឲ្យជីវិតកាន់តែប្រសើរឡើង៕

អត្ថបទ៖ លីនី