កាលពីថ្ងៃអាទិត្យកន្លងទៅនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានប្រកាសកិច្ចព្រមព្រៀងជាគោលការណ៍មួយស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដ៏សំខាន់មួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅទីក្រុង Biarritz ប្រទេសបារាំង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនេះពាក់ព័ន្ធទៅលើវិស័យកសិកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងរឿងជាច្រើនទៀត ដែលមានតម្លៃរាប់ពាន់លានដុល្លារ នេះបើយោងតាមប្រសាសន៍របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។
ក្នុងនោះលោក អាបេ នាយករដ្ឋមន្រ្តីជប៉ុនក៏បានបញ្ជាក់ផងដែរថាប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាប្រកបដោយជោគជ័យ បន្ទាប់ពីការចរចាដ៏ស្វិតស្វាញមួយ។ ខណៈដែលតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ភាគីទាំងពីរ ជាពិសេសដល់កសិករអាមេរិកដែលជាក្រុមគាំទ្រដ៏សំខាន់ខាងនយោបាយរបស់លោក ត្រាំ ដែលអាចជួយឲ្យវិស័យកសិកម្មដែលកំពុងជួបប្រទះបញ្ហា មានភាពល្អប្រសើរឡើងវិញ ហើយក៏ជួយជំរុញឲ្យមានការកើនឡើងសំលេងឆ្នោតសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយឆ្នាំ ២០២០។ ដោយមេដឹកនាំទាំងពីរសង្ឃឹមថានឹងមានការចុះហត្ថលេខាជាផ្លូវការក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កក្នុងខែក្រោយនេះផងដែរ៕

អត្ថបទ៖ លីនី


