ធ្លាប់តែជាប្រទេសដែលមានសេដ្ឋកិច្ចល្អដាច់គេមួយនៅអាស៊ី តែបច្ចុប្បន្នអតិផរណាស្នូលរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កំរិតទាបបំផុត
សេដ្ឋកិច្ច August 26, 2019 Chan Sreyny

សិង្ហបុរី៖ អតិផរណាស្នូលរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះដល់កំរិតទាបបំផុតក្នុងរយៈពេល ៣ ឆ្នាំ គិតត្រឹមខែកក្កដាកន្លងមកនេះ និងទាបជាងការព្យាករណ៍របស់សេដ្ឋវិទូ។ អតិផរណាស្នូលដែលដកការចំណាយលើការដឹកជញ្ជូនតាមផ្លូវគោក និងថ្លៃស្នាក់នៅបានធ្លាក់ចុះដល់ ០.៨% នៅក្នុងខែកក្កដាស្មើនឹងខែមេសាឆ្នាំ ២០១៤ នេះបើយោងតាមក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម (MTI) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS)។

ការធ្លាក់ចុះនៃអតិផរណាស្នូលគឺ ដោយសារតែការធ្លាក់ចុះនៃតម្លៃលក់រាយ និងទំនិញផ្សេងទៀតការ ធ្លាក់ចុះតម្លៃអគ្គិសនីនិងឧស្ម័ន និងសេវាកម្មដែលមានអតិផរណាទាប។ ទន្ទឹមនឹងនេះដែរតួលេខអតិផរណារបស់សិង្ហបុរីបច្ចុប្បន្ននេះ ទាបជាងអ្វីដែលអ្នកវិភាគស្ទង់មតិដោយ Bloomberg បានព្យាករណ៍ទៅទៀត ដោយអតិផរណាសរុបបានធ្លាក់ចុះដល់ ០.៥% ហើយអតិផរណាស្នូលធា្លក់ដល់ ១.០% ។

ទោះជាយ៉ាងណាក្ដីក្រុមសេដ្ឋវិទូបានរំពឹងថាធនាគារកណ្តាលរបស់សិង្ហបុរី នឹងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅក្នុងការប្រជុំពាក់កណ្តាលឆ្នាំរបស់ខ្លួននៅខែតុលាខាងមុខនេះ ដែលជាការផ្លាស់ប្ដូរមួយត្រូវតែកើតមានឡើង ដោយសារតែតួលេខអតិផរណាចុងក្រោយ និងសេដ្ឋកិច្ចបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងក្លា។ គួរបញ្ជាក់ផងដែរថាកាលពីដើមខែនេះប្រទេសសិង្ហបុរីបានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះចន្លោះពី ១.៥% ទៅ ២.៥% និងការព្យាករណ៍របស់ខ្លួនចំពោះការនាំចេញផលិតផលក្នុងស្រុកពី ៩% ទៅ ៨% ផងដែរ៕​

អត្ថបទ៖ លីនី