យោងតាមរបាយការណ៍ពីទីផ្សារភាគហ៊ុនរបស់ទីក្រុងហាណូយបានឲ្យដឹងថា អគ្គិសនីវៀតណាម (EVN) ប្រមូលប្រាក់បានជាង ២១៩ ពាន់លានដុង (ជាង ៩.៦ លានដុល្លារអាមេរិក) ពីការដេញថ្លៃភាគហ៊ុនរបស់ខ្លួននៅក្រុមហ៊ុនភាគហ៊ុនហិរញ្ញវត្ថុ (EVN Finance) ខណៈដែល (EVN) កំពុងព្យាយាមដកខ្លួនចេញពីក្រុមហ៊ុននេះ។ ក្នុងនោះភាគហ៊ុនដែលលក់ចេញមានចំនួន ១៨,៧៥ លាន ដោយទទួលបានការដេញថ្លៃយ៉ាងជោគជ័យពីវិនិយោគិនពីររូបទៅលើភាគហ៊ុនចំនួន ១៦,២៥ លាន ក្នុងតម្លៃ ១៣.៤៨០ ដុង (០.៥៩ ដុល្លារ) ក្នុងមួយហ៊ុន ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនហិរញ្ញវត្ថុ (EVN Finance) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលចាប់ផ្ដើមទុនដំបូងមានចំនួន ២,៥ ពាន់ពាន់លានដុង ដោយដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងដើមទុនសម្រាប់គម្រោងអគ្គិសនីរបស់អគ្គិសនីវៀតណាម ( EVN ) និងក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួន ក៏ដូចជាផ្ដល់នូវជំនាញហិរញ្ញវត្ថុទៅលើផលិតផលសេវាកម្មសម្រាប់អង្គភាពដែលប្រតិបត្តិការក្នុងវិស័យថាមពល និងសម្រាប់វិស័យសេដ្ឋកិច្ចផ្សេងទៀតផងដែរ។ ដោយផលិតផល និងសេវាកម្មចម្បងរបស់ក្រុមហ៊ុនគឺ ការកៀងគរមូលធន ការបើកគណនី និងសេវារតនាគារ និងប្រតិបត្តិការឥណទាន។
បន្ថែមពីនេះទៅទៀតនៅក្នុងឆ្នាំ ២០១៩ នេះក្រុមហ៊ុនបានកំណត់ទិសដៅប្រាក់ចំណូលចំនួន ១,៦៤១ លានលានដុង និងប្រាក់ចំណេញមុនពេលត្រូវបានគិតពន្ធចំនួន ២៨០ ពាន់លានដុង លើសពីឆ្នាំ ២០១៨ ប្រមាណ ២៨.៥% សម្រាប់ប្រាក់ចំណូល និង ១០.៣៥% សម្រាប់ប្រាក់ចំណេញ។ ជាមួយគ្នានេះដែរភាគហ៊ុនក្រុមហ៊ុនហិរញ្ញវត្ថុ (EVN Finance) កំពុងត្រូវបានជួញដូរនៅលើទីផ្សារក្រុមហ៊ុនសាធារណៈដែលមិនបានចុះបញ្ជី (UPCoM) ដែលបានបញ្ចប់ការជួញដូរនៅថ្ងៃទី ២៣ សីហាកន្លងទៅនេះក្នុងតម្លៃរហូតដល់ ៨,៩០០ ដុង ក្នុងមួយហ៊ុន៕

អត្ថបទ៖ លីនី


