ឃើញកូនតូចពូកែ ខឹងមួរម៉ៅ ឪពុកឲ្យកូនធ្វើរឿងដ៏ចម្លែកមួយ ដើម្បីគ្រប់គ្រងកំហឹង ទីបំផុតលទ្ធផលដែលទទួលបានលើសពីការរំពឹងទុក
គំនិតអប់រំ August 24, 2019 Chan Sreyny

កាលពីដើមឡើយមានក្មេងប្រុសម្នាក់ដែលមានចរិតឆេវឆាវ ឆាប់ខឺង និងពោពេញទៅកំហឹងក្នុងខ្លួន ឃើញកូនដូច្នេះឪពុករបស់គាត់បានម្រេចចិត្តប្រគល់ថង់ដែលមានដែកគោលជាច្រើនឲ្យទៅគាត់ ហើយប្រាប់ថានៅពេលដែលកូនខឹងម្ដង កូនត្រូវដំដែកគោលចូលនៅជញ្ជាំងមួយ ដើម្បីទប់កំហឹង។ នៅថ្ងៃដំបូងក្មេងប្រុសនោះបានដំដែកគោលចំនួន ៣៧ ដងចូលទៅក្នុងជញ្ជាំង ហើយបន្តធ្វើបែបនេះរហូតនៅពេលដែលគាត់មានកំហឹង លុះប៉ុន្មានសប្ដាហ៍បន្ទាប់មកក្មេងប្រុសនោះចាប់ផ្ដើមទប់កំហឹងបាន ហើយចំនួនដែកគោលដែលគាត់ដំនៅលើជញ្ជាំងក៏ថយចុះបន្តិចម្ដងៗ។

ក្នុងពេលនោះក្មេងប្រុសបានដឹងថាការគ្រប់គ្រងកំហឹងវាងាយស្រួលជាង ការដំដែកគោលទៅក្នុងជញ្ជាំងទៅទៀត ហើយទីបំផុតនៅថ្ងៃមួយក្មេងប្រុសនោះអាចទប់កំហឹងខ្លួនឯងបាន គាត់ក៏បានប្រាប់រឿងនេះដល់ឪពុកគាត់ ពេលនោះឪពុករបស់គាត់ក៏បានប្រាប់ឲ្យគាត់ដកដែកគោលដែលបានដំនៅពេលដែលគាត់ព្យាយាមទប់កំហឹងចេញពីជញ្ជាំង។ ប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលគាត់ដកដែកគោលទាំងនោះអស់ គាត់ក៏ទៅប្រាប់ឪពុកគាត់ម្ដងទៀត ហើយឪពុកគាត់ក៏បាននាំគាត់ទៅមើលជញ្ជាំងនោះហើយនិយាយថា៖ « កូនធ្វើបានល្អហើយ ប៉ុន្តែមើលប្រហោងនៅលើជញ្ជាំងដែលកូនបានដំដែកគោលចូល វាមិនត្រលប់មកដូចដើមទេ​ »។

តម្លៃអប់រំ៖ នៅពេលដែលយើងនិយាយទៅកាន់នរណាម្នាក់ទាំងកំហឹង យើងនឹងបន្សល់នូវស្លាកស្នាមដូចទៅនឹងរបងនេះដែរ ហើយនៅពេលដែលអ្នកធ្វើឲ្យនរណាម្នាក់មានរបួស មិនថាអ្នកនិយាយសុំទោសប៉ុន្មានដងនោះទេ មុសរបួសក៏នៅតែមានដដែល។ ដូច្នេះត្រូវចេះគ្រប់គ្រងកំហឹងរបស់អ្នក កុំនិយាយអ្វីជាមួយនរណាម្នាក់នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ ឬមានកំហឹង ដែលនាំឲ្យអ្នកស្ដាយក្រោយ​នៅពេលក្រោយ ព្រោះរឿងខ្លះនៅក្នុងជីវិតដែលបានកើតឡើង អ្នកមិនអាចយកមកវិញបានទេ៕

អត្ថបទ៖ លីនី