ឆាប់ៗខាងមុខនេះ! គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់​នៅក្រុងព្រះសីហ​នុ ដែលមានតម្លៃជាង ១៤០ លានដុល្លារអាមេរិកនឹងត្រូវចាប់ផ្ដើមដំណើរការ
សេដ្ឋកិច្ច August 23, 2019 Chan Sreyny

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែសីហានេះក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការពិភាក្សាលើកចុងក្រោយស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះក៏មានការចូលរួមពីក្រុមហ៊ុន BUCG ដែលជាក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងនេះ ក៏ដូចជាមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

យោងតាមប្រសាសន៍របស់ឯកឧត្តមដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបានបង្ហាញថាគម្រោងនេះនិងចំណាយថវិកាជាង ១៤០ លានដុល្លារ ក្នុងការសាងសង់ ជាមួយផែនការមេដែលនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ ត្រូវបានគេប៉ាន់ប្រមាណថា​នឹងចំណាយទឹកប្រាក់ប្រមាណ ១៤៣ លានដុល្លារអាមេរិក។ បន្ថែមពីនេះប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ថ្មីនេះនឹងមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់រហូតដល់ ៤០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ ២០២១ និងបង្កើនឲ្យមានសមត្ថភាពរហូតដល់ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ ២០៣០ ។

សូមបញ្ជាក់ផងដែរថា ស្ថានីយប្រព្រឹត្តកម្មនៅលើផ្ទៃដីទំហំប្រមាណ ១៦ ហិកតាដែលជាជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ីនាពេលបច្ចុប្បន្ននៅក្នុងខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០០៦ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នោះទេ ពោលគឺបានត្រឹមតែ ៦០០០ ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលមិនគ្រប់គ្រាន់សម្រាប់ខេត្ត។ ដូច្នេះប្រសិនគម្រោងនេះត្រូវបានអនុម័តក្នុងការសាងសង់ នឹងក្លាយជាប្រព័ន្ធលូធំដំបូងគេនៅខេត្តព្រះសីហនុដោយប្រើប្រព័ន្ធមេកានិច៕

អត្ថបទ៖ លីនី