រដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សា និងត្រួតពិនិត្យ ពីដំណើរការរកែច្នៃសំរាមសម្រាប់ផលិតអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន និងជៀសវាងកង្វះខាតថាមពលប្រើប្រាស់
សេដ្ឋកិច្ច August 23, 2019 Chan Sreyny

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហាកន្លងទៅថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងពិភាក្សាពីដំណើរការកែច្នៃសំរាមសម្រាប់ផលិតអគ្គិសនី។ នៅក្នុងកិច្ចប្រជុំនោះរដ្ឋមន្រ្តីគ្រប់ស្ថាប័នពាក់ព័ន្ធបានធ្វើការពិភាក្សា និងរិះរកគ្រប់វិធានការដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់រឹង។

ក្នុងនោះផងដែរអង្គប្រជុំក៏បានពិភាក្សាលើជម្រើសនៃវិធានការនានា ដែលមានលក្ខណៈជាប្រព័ន្ធដោយផ្តោតសំខាន់ទៅលើ ការរៀបចំគោលនយោបាយជាតិស្ដីពីការគ្រប់គ្រងសំណល់រឹង និងសំរាម។ មិនតែប៉ុណ្ណោះកែសម្រួលប្រព័ន្ធគ្រប់គ្រង ដាក់ចេញនូវយន្តការ វិធានការអនុវត្តម៉ត់ចត់ និងជាក់លាក់ក្នុងការគ្រប់កាកសំណល់រឹង និងសំរាម ក៏ដូចជារៀបចំជាយុទ្ធនាការដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋ ដោយមានការសហការពីគ្រប់សា្ថប័ន និងអ្នកពាក់ព័ន្ធទាំអស់ ចូលរួមរៀបចំទុកដាក់កាកសំណល់រឹង និងសំរាមនេះ។

គួរបញ្ជាក់ផងដែរថាការរុករកវិធីនៃការកែច្នៃសំរាមទៅជាថាមពលប្រើប្រាស់ គឺជាចំណុចពិភាក្សាដ៏សំខាន់មួយ ស្របពេលដែលប្រទេសកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននៅតាមទីក្រុង និងទីប្រជុំជន ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យបរិមាណសំរាម និងកាកសំណល់រឹង មានការកើនឡើងយ៉ាងខ្លាំងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។​ ជាក់ស្ដែងនៅរាជធានីភ្នំពេញក្នុងអំឡុងពេល ៥ ឆ្នាំចុងក្រោយនេះ បរិមាណសំរាមជាមធ្យមមានចំនួនប្រមាណជាង ២,៨០០ តោនក្នុងមួយថ្ងៃ កើនឡើងពី ១០% ទៅ ១៣% ក្នុងមួយឆ្នាំ។

តួលេខនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងបន្តទៀត បើមិនមានវិធានការដែលមានប្រសិទ្ធភាពណាមួយដើម្បីទប់ស្កាត់បញ្ហានេះ។ បន្ថែមពីនេះទៅទៀត វិធានការកែច្នៃសំរាមដើម្បីផលិតអគ្គិសនីនេះក្នុងគោលបំណងការពារបរិស្ថាន ក៏ដូចជាដើម្បីជៀសវាងកង្វះខាតថាមពលដូចប្រទេសកម្ពុជាបានទទួលរងកាលពីដើមឆ្នាំនេះផងដែរ៕

អត្ថបទ៖ លីនី